ដំណាំស្រូវនៅកម្ពុជា
ប្រព័ន្ធក្សេត្របរិស្ថាន និងវប្បកម្មដំណាំស្រូវនៅកម្ពុជា
៦.១. សេចក្តីផ្តើម
វប្បកម្មដំណាំស្រូវនៅប្រទេសកម្ពុជា អាចបែងចែកតាមលក្ខណៈវិនិច្ឆ័យបីធំៗគឺៈ វេទរសភាពនឹងរយៈពន្លឺ រយៈកាលលូតលាស់ និងក្សេត្របរិស្ថាន ។ អាស្រ័យនឹងវេទរសភាពនឹងរយៈពន្លឺ ស្រូវត្រូវបានបែងចែកជា វេទរសភាព (ភាពប្រកាន់រដូវ) និងអវេទរសភាព (ភាពមិនប្រកាន់រដូវ) ។ អាស្រ័យទៅតាមអាយុកាលលូតលាស់ ស្រូវអាចបែងចែកជា ស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់ ។ ដោយឡែកយោងតាមស្ថានភាពដី និងលក្ខខណ្ឌដាំដុះ ដំណាំស្រូវអាចបែងចែកជា ក្សេត្របរិស្ថានរដូវប្រាំង (Dry season ecosystem) ក្សេត្របរិស្ថានស្រែទំនាបទីពឹងរបបទឹកភ្លៀង (Rainfed lowland ecosystem) ក្សេត្របរិស្ថានស្រែជម្រៅ ឬស្រូវឡើងទឹក (Deep water ecosystem) និងក្សេត្របរិស្ថានចម្ការ (Upland ecosystem) (រូប ៦.១) ។ដែលហៅថាវេទរសភាពនឹងរយៈពន្លឺគឺជាការឆ្លើយតបទៅនឹងបម្រែបម្រួល នៃប្រវែងថ្ងៃ ឬរយៈពេលនៃពន្លឺរបស់ព្រះអាទិត្យចាប់ពីពេលរះនៅឰដ៏ជើងមេឃ ដល់ពេលលិចបាត់ទៅក្នុងជើងមេឃវិញ (Men Sarom, 1996) ។ ពពួកស្រូវដែលពេលវេលាចេញផ្ការបស់វាប្រែប្រួលដោយការប្រែប្រួលនៃ ប្រវែងថ្ងៃនេះ ហៅថាមានវេទរសភាពនឹងរយៈពន្លឺ ផ្ទុយទៅវិញក្រុមស្រូវដែលពេលវេលានៃការចេញផ្កាមិនបានកំណត់ដោយ រយៈពេលនៃពន្លឺថ្ងៃនោះហៅថាអវេទរសភាពនឹងរយៈពន្លឺ ។ វេទរសភាពនៃពូជស្រូវផ្សេងៗទៅនឹងរយៈពន្លឺក៏មានការប្រែប្រួលពី ខ្លាំងទៅខ្សោយផងដែរ ។ ប្រភេទក្រុមស្រូវស្រាលគឺជាប្រភេទស្រូវដែលមានអាយុចាប់ពីសាបដល់ ពេលទុំខ្លីជាង ឬស្មើនឹង ១២០ថ្ងៃ ។ ក្រុមនេះជាទូទៅមិនមានវេទរសភាពទៅនឹងរយៈពន្លឺឡើយ ។ ស្រូវកណ្ដាល និងស្រូវធ្ងន់ អាចបានបែងចែកជាពីរក្រុមបន្តទៀត អាស្រ័យទៅនឹងវេទរសភាពទៅនឹងរយៈពន្លឺ គឺស្រូវកណ្តាលអវេទរសទៅនឹងរយៈពន្លឺ ស្រូវកណ្តាលវេទរសទៅនឹងរយៈពន្លឺ ស្រូវធ្ងន់អវេទរសទៅនឹងរយៈពន្លឺ និងស្រូវធ្ងន់វេទរសទៅនឹងរយៈពន្លឺ ។ ស្រូវកណ្តាលអវេទរសទៅនឹងរយៈពន្លឺ គឺជាក្រុមស្រូវដែលមានអាយុចាប់ពីពេលសាបរហូតដល់ទុំ ពី ១២០ ដល់ ១៥០ ថ្ងៃ ឯស្រូវកណ្តាលវេទរសទៅនឹងរយៈពន្លឺ ត្រូវចេញផ្កាក្នុងចន្លោះពាក់កណ្តាលខែតុលា ដល់ពាក់កណ្តាលខែវិច្ឆិកា ។ ក្រុមស្រូវធ្ងន់អវេទរសទៅនឹងរយៈពន្លឺជាទូទៅកម្រជួបប្រទះណាស់ ។ ស្រូវស្ថិតនៅក្នុងក្រុមនេះ ត្រូវមានអាយុកាលលូតលាស់វែងជាង ១៥០ថ្ងៃ ។ ក្រុមស្រូវធ្ងន់វេទរសទៅនឹងរយៈពន្លឺ គឺចេញផ្កានៅក្រោយពាក់កណ្តាលខែវិច្ឆិកា ។
អាស្រ័យដោយគុណភាព ស្រូវក៏ត្រូវបានបែងចែកជា ក្រុមស្រូវក្រអូប និងស្រូវមិនក្រអូប ជាក្រុមស្រូវខ្សាយ និងក្រុមស្រូវដំណើបផងដែរ ។
ផ្ទៃដីដាំដុះដំណាំស្រូវតាមក្សេត្របរិស្ថាន មានការប្រែប្រួលគូរឲ្យកត់សម្គាល់នៅក្នុងរយៈពេល ៣៨ឆ្នាំចុងក្រោយនេះ (តារាងទី ៦.១) ។ ផ្ទៃដីក្សេត្របរិស្ថានរដូវប្រាំងបានកើនជាងពីរដងគឺពី ៦,២ ភាគរយ ទៅដល់ ១៣,១ ភាគរយ នៃផ្ទៃដីដាំដុះសរុបនាឆ្នាំ២០០៥ ។ ដោយឡែកផ្ទៃដីក្សេត្របរិស្ថានស្រែទំនាបទីពឹងរបបទឹកភ្លៀងបានកើន រហូតដល់ ៨៥,៧ ភាគរយ នាឆ្នាំ១៩៩៥ ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹម ៨៣,៤ ភាគរយ វិញនាឆ្នាំ២០០៥ ។ ផ្ទៃដីក្សេត្របរិស្ថានស្រូវឡើងទឹកបានធ្លាក់ចុះយ៉ាងខ្លាំងពី ១៥,៩ភាគរយ នាឆ្នាំ១៩៦៧ មកនៅត្រឹម ១,៥ភាគរយ នាឆ្នាំ២០០៥ ។ ឯចំពោះក្សេត្របរិស្ថានចម្ការវិញ តួលេខក្នុងបណ្តាឆ្នាំ១៩៩៥ ១៩៩៩ និង ២០០៥ បានបង្ហាញថា មានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ គឺក្នុងចន្លោះពី ១.៩ ភាគរយ ទៅ ២.០ ភាគរយ ។
៦.២. ក្សេត្របរិស្ថានរដូវប្រាំង (Dry season ecosystem)
៦.២.១. បរិស្ថានដាំដុះ
តំបន់ដាំដុះដែលចាត់ចូលក្នុងក្សេត្របរិស្ថាននេះ គឺជាតំបន់ទំនាប ដែលមានប្រព័ន្ធប្រឡាយ និងប្រភពទឹក សម្រាប់ស្រោចស្រពពេញមួយវដ្តជីវិតរបស់ដំណាំស្រូវ ហើយស្រូវដែលដាំដុះក្នុងតំបន់នេះហៅថា ស្រូវស្រោចស្រព (Irrigated rice) និងតំបន់ជម្រាលមាត់បឹង ឬទំនប់នានាដែលដំណាំស្រូវត្រូវបានដាំដុះនាពេលទឹកចាប់ផ្តើមស្រក ចុះ ។ ស្រូវដែលដាំដុះក្នុងតំបន់មាត់បឹងនេះ ហៅថា ស្រូវប្រដេញទឹក (Recession rice) ។ វាលស្រែក្នុងក្សេត្របរិស្ថាននេះ គឺត្រូវមានភ្លឺសម្រាប់រក្សាទឹក ។ ផ្ទៃដីដាំដុះស្រូវប្រាំងបានកើនឡើងយ៉ាងគំហុកពីជិតមួយសែនហិកតានា ឆ្នាំ១៩៨១ មកជាង បីសែនហិកតានាឆ្នាំ២០០៥ បន្ទាប់ពីកម្មវិធីកម្ពុជា-អ៊ីរីអូស្ត្រាលី និងក្រោយមកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានបញ្ចេញឲ្យកសិករប្រើប្រាស់នូវពូជស្រូវស្រាល និងមានទិន្នផលខ្ពស់ចាប់ពីឆ្នាំ ១៩៩០ មក ។ពូជស្រូវដែលត្រូវបានឲ្យយកទៅប្រើប្រាស់នៅក្នុងក្សេត្របរិស្ថាន នេះ គឺជាប្រភេទពូជស្រូវស្រាល អាយុកាលតិចជាង ១២០ថ្ងៃ អវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) ។ ផលិតភាពរបស់ស្រូវក្រុមនេះ មានការឆ្លើយតបទៅតាមកត្តាផលិតកម្ម ដូចជា ការគ្រប់គ្រងទឹកបានគត់មត់ល្អប្រសើរ ប្រភេទដីមានជីជាតិល្អ អាំងតង់ស៊ីតេពន្លឺខ្ពស់នៅពេលដំណាំដុះលូតលាស់ និងការប្រើប្រាស់ជីក្នុងកម្រិតខ្ពស់ ។ ដំណាំស្រូវប្រភេទនេះត្រូវបានគេដាំដុះច្រើននៅក្នុងខេត្ត តាកែវ ព្រៃវែង កណ្ដាល កំពង់ឆ្នាំង សៀមរាប និងកំពង់ចាម ។ បច្ចុប្បន្ននេះប្រមាណ ៧០ ទៅ ៨០ ភាគរយ នៃតំបន់ដាំដុះស្រូវដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រព ត្រូវបានគេដាំដុះពូជស្រូវដូចជា អ៊ីអ៊ែរ៦៦ គ្រូ រំពេ រហាត់ ជលសារ បារាយណ៍ អ៊ីអ៊ែរកេសរ និងសែនពិដោរ (រូប ៦.២) ព្រមទាំងមានពូជស្រូវប្រពៃណីអវេទរសទៅនឹងរយៈពន្លឺខ្លះ ត្រូវបានគេនៅតែបន្តការដាំដុះដូចជា ពូជលំអងខ្សាច់ និងនាងសប្រញាប់ ៘ ដោយផ្អែកទៅលើតម្រូវការទឹកនៃការស្រោចស្រព គេអាចបែងចែកស្រូវប្រាំងជាពីរប្រភេទ ៖
៦.២.១.១. ស្រូវស្រោចស្រព (Irrigated rice)
ស្រូវប្រភេទនេះ ត្រូវបានដាំដុះនៅក្នុងស្រែដែលមានភ្លឺ និងមានប្រព័ន្ធស្រោចស្រពល្អ ។ ប្រជាកសិករខ្មែរចាប់ផ្តើមធ្វើស្រូវស្រោចស្រពនេះនៅក្នុង ខែវិច្ឆិកា ។ តំបន់ដាំស្រូវស្រោចស្រពមាននៅស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជា ប៉ុន្តែតំបន់ដែលដាំច្រើនជាងគេមាននៅក្នុងខេត្តតាកែវ ព្រៃវែង កណ្តាល កំពង់ចាម កំពង់ឆ្នាំង សៀមរាប និងស្វាយរៀង ។៦.២.១.២. ស្រូវប្រដេញទឹក (Flood recession rice)
ស្រូវប្រដេញទឹក គឺជាស្រូវដែលគេធ្វើការដាំដុះនៅតាមមាត់បឹង អាងស្តុកទឹក និងតាមតំបន់ជាប់មាត់ទន្លេនាពេលទឹកស្រក ។ ជាទូទៅអាចចាប់ផ្តើមពីខែតុលា រហូតដល់ខែមករា ដោយស្ទូងប្រដេញទៅតាមទឹកស្រក ហើយអាចបញ្ចប់ក្នុងខែមីនា ឬរហូតដល់ខែឧសភា ។ ស្រូវប្រដេញទឹកបានដាំដុះលើផ្ទៃដីស្រូវឡើងទឹក ដោយហេតុថាស្រូវឡើងទឹកផ្តល់ទិន្នផលទាប និងជាពិសេសការប្រែប្រួលនៃរបបទឹកទន្លេ និងទឹកជំនន់ដែលមិនសមប្រកបដល់ស្រូវឡើងទឹក ។ ការកើនឡើងនូវផ្ទៃដីស្រូវប្រដេញទឹក នាអំឡុងពីរទសវត្សរ៍នេះ ក៏ដោយសារមានការរំដោះចេញនូវពូជស្រូវស្រាល ជាច្រើនដែលមានទិន្នផលខ្ពស់ ព្រមជាមួយនិងការទទួលយកនូវពូជទាំងនោះពីប្រជាកសិករនៅតំបន់ជា ច្រើនក្នុងប្រទេស ។៦.២.២. វិធីសាស្ត្រដាំដុះ
៦.២.២.១. ការជ្រើសរើស និងរៀបចំថ្នាលសំណាប
ការរៀបចំធ្វើថ្នាលសំណាប ជាដំបូងត្រូវជ្រើសរើសស្រែដែលរាបស្មើ និងមានជីជាតិ ពីព្រោះស្រែដែលមិនរាបស្មើ បង្កឲ្យមានការដុះលូតលាស់សំណាបមិនស្មើគ្នា ។ ម្យ៉ាងទៀតមិនត្រូវជ្រើសរើសស្រែដែលនៅក្រោមម្លប់ពីព្រោះវាជំរុញ ឲ្យមានការបំផ្លាញពីសត្វល្អិត និងអាចបង្កឲ្យជំងឺទៀតផង ។ ស្រែដែលជ្រើសរើសសម្រាប់ធ្វើថ្នាលសំណាប គួរតែនៅក្បែរប្រភពទឹក ប៉ុន្តែមិនមែនជាកន្លែងដែលអាចទទួលរងការជន់លិចឡើយ ។ ថ្នាលសំណាបត្រូវរៀបចំពី ៣០ ទៅ ៣៥ ថ្ងៃ មុនពេលស្ទូង ហើយត្រូវភ្ជួរមួយលើក និងរាស់ពីរទៅបីដងក្នុងអំឡុងពេលពី ៧-១០ថ្ងៃ រួចបន្ទាប់មកត្រូវពន្លិចទឹកឲ្យបានស្មើ ល្មមនៅលើដីថ្នាល ដើម្បីឲ្យថ្នាលមានភាពស្មើគ្នាល្អ ។ ការៀបចំថ្នាលសំណាបមាន ៣ ប្រភេទគឺ ៖
ក. ថ្នាលទឹក
ថ្នាលទឹក គឺជាថ្នាលដែលកសិករនិយមប្រើប្រាស់បំផុត ។
ការភ្ជួរដីត្រូវធ្វើពីពីរទៅបីដងតាមប្រភេទដី បរិមាណស្មៅ
និងទម្លាប់របស់កសិករ ។ បន្ទាប់ពីភ្ជួរចុងក្រោយរួចហើយ
ត្រូវរាស់ពង្រាបដីឲ្យបានហ្មត់ល្អ និងរាបស្មើព្រមទាំងយកស្មៅ
និងកម្ទេចកម្ទីចេញពីថ្នាលទាំងអស់ ។
ពេលរាស់ពង្រាបថ្នាលត្រូវមានទឹកភក់ៗ
ដែលធ្វើឲ្យការរាស់ពង្រាបមានភាពងាយស្រួល ។ បន្ទាប់ពីរាស់រួចហើយ
កសិករនិយមឆូតឆ្នូតនង្គ័លលើថ្នាលប្រហែលពី ២-៣ ម៉ែត្រមួយឆ្នូត
ដើម្បីបង្ហូរទឹកចេញ ដើរសាបគ្រាប់ពូជ និងដើរថែទាំសំណាប ។
គ្រាប់ស្រូវសម្រាប់ថ្នាលទឹកនេះត្រូវត្រាំក្នុងរយៈពេលពី ២៤ ម៉ោង
រួចផ្អាប់ក្នុងរយៈពេលពី ២៤-៤៨ ម៉ោង ដើម្បីឲ្យដុះពន្លក
ហើយដែលកសិករនិយមហៅថា បែកមាត់ចាប ហើយបន្ទាប់មកបានយកទៅសាប ។បរិមាណគ្រាប់ពូជសម្រាប់ស្ទូងលើដីមួយហិកតា និងទំហំថ្នាលសំណាប គឺប្រែប្រួលទៅតាមទម្លាប់ គុណភាពគ្រាប់ពូជ លក្ខខណ្ឌដុះលូតលាស់ និងការថែទាំរបស់កសិករ ។ នៅតាមតំបន់ដែលងាយរងគ្រោះរាំងស្ងួត និងទឹកជំនន់ កសិករនិយមប្រើប្រាស់បរិមាណពូជច្រើន គឺប្រហែលពី ៦០-៨០ គីឡូក្រាមក្នុងមួយហិកតា ។ ប៉ុន្តែនៅតំបន់ដែលកសិករអាចគ្រប់គ្រងទឹកបាន បរិមាណគ្រាប់ពូជដែលកសិករប្រើប្រាស់គឺប្រែប្រួលពី ៣០-៤០ គីឡូក្រាមក្នុងមួយហិកតា ។ ក្នុងករណីដែលកសិករប្រើប្រាស់ពូជសុទ្ធ និងមានសុខភាពល្អ គ្រប់គ្រងទឹកបាន និងមានការថែទាំនោះ បរិមាណគ្រាប់ពូជដែលត្រូវការក្នុងមួយហិកតា គឺអាចពី ១៥-២០ គីឡូក្រាម ហើយជាងនេះទៅទៀត បើកសិករស្ទូងតែមួយដើមក្នុងមួយគុម្ពនោះបរិមាណគ្រាប់ពូជ គឺអាចថយចុះមកប្រហែល ១០គីឡូក្រាមក្នុងមួយហិកតាតែប៉ុណ្ណោះ ។ ជាទូទៅកសិករច្រើនសាបញឹកជ្រុលដែលបណ្តាលឲ្យសំណាបដុះមកមិនបាន ធំធាត់ល្អ ។ ដើម្បីឲ្យសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃដីថ្នាល ១០ម៉ែត្រការ៉េ ។
ខ. ថ្នាលគោក
គឺជាថ្នាលសំណាបគោកដែលសាបជារង
ហើយដែលភាគច្រើនប្រើសម្រាប់ការងារពិសោធន៍
និងផលិតកម្មគ្រាប់ពូជប៉ុណ្ណោះ ។ ជាទូទៅបន្ទាប់ពីភ្ជួររាស់ដីហើយ
ត្រូវលើករងកម្ពស់ ១០-២០ ស.ម ទទឹងខ្នងរងមួយម៉ែត្រ
និងបណ្តោយទៅតាមស្ថានភាពដី ព្រមទាំងតម្រូវការ ។
បន្ទាប់ពីលើករងហើយត្រូវឆូតជាចង្អូរជម្រៅ ២-៣ ស.ម
ដោយចន្លោះពីចង្អូរមួយទៅចង្អូរមួយមានប្រវែង ១០ស.ម ។
បន្ទាប់ពីឆូតចង្អូររួច ត្រូវរោយគ្រាប់ពូជស្ងួត
ដាក់ក្នុងចង្អូរក្នុងកម្រិតមួយគីឡូក្រាមលើផ្ទៃថ្នាល ៥ម៉ែត្រការ៉េ
ដែលត្រូវជា ៥០ចង្អូរ ។ គ្រាប់ពូជដែលរោយក្នុងចង្អូររួច
ត្រូវរោយជីលាមកគោស្ងួត ឬជីកំប៉ុស្តគ្របពីលើ
ហើយបន្ទាប់មកត្រូវបញ្ចូលទឹកសន្សឹមៗទៅក្នុងថ្នាលប្រការកុំឲ្យ
គ្រាប់ពូជបែកខ្ញែកពីចង្អូរ (រូប ៦.៣) ។ បរិមាណគ្រាប់ពូជ
និងផ្ទៃដីថ្នាលដែលសាបលើថ្នាលគោក ប្រែប្រួលទៅតាមដំណុះគ្រាប់
ការបាត់បង់ និងការថែទាំ ។
ក្នុងករណីដែលល្អប្រសើរគឺគេត្រូវប្រើគ្រាប់ពូជក្នុងបរិមាណពី
១៥-២០ គីឡូក្រាម និងផ្ទៃដីថ្នាលពី ៧៥-១០០ ម៉ែត្រការ៉េ
សម្រាប់ផ្ទៃដីស្ទូងមួយហិកតា ។ ផ្ទុយទៅវិញ
បរិមាណគ្រាប់ពូជដែលត្រូវការគឺពី ៣០-៤០ គីឡូក្រាម និងផ្ទៃដីថ្នាលពី
១៥០-២០០ ម៉ែត្រការ៉េ ។
គ. ថ្នាលដាប៉ុក
បច្ចេកទេសថ្នាលដាប៉ុកមានប្រភពមកពីអ៊ីរី-ហ្វីលីពីន
ហើយដែលនាំចូលមកកម្ពុជានាឆ្នាំ១៩៩០ ។
ថ្នាលនេះបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ
ដែលរស់នៅក្នុងតំបន់លិចទឹកជ្រៅក្នុងរដូវវស្សា
និងដាំដុះដំណាំស្រូវក្នុងរដូវទឹកសម្រក
ឬក៏កសិករណាដែលមានស្រែនៅឆ្ងាយពីភូមិ ។
លក្ខណៈពិសេសរបស់ថ្នាលដាប៉ុក
គឺសាបគ្រាប់ពូជដោយមិនចាំបាច់ត្រូវការដីស្រែ
និងអាចផ្លាស់ទីបានស្រួល ។
ថ្នាលដាប៉ុកគឺជាថ្នាលដែលសាបនៅលើស្លឹកចេក
ឬបន្ទះប្លាស្ទិកដែលក្រាលនៅលើដី ឬទ្រនើ ។
បរិមាណគ្រាប់ពូជដែលប្រើលើផ្ទៃថ្នាលគឺចំនួន ៣
គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ ដូចនេះសម្រាប់ផ្ទៃដីស្ទូងមួយហិកតា
គេត្រូវការផ្ទៃថ្នាលសំណាបពី ៤ ម៉ែត្រការ៉េ (ក្នុងបរិមាណគ្រាប់ពូជ ១២
គីឡូក្រាម) ទៅដល់ ១០ ម៉ែត្រការ៉េ (ក្នុងបរិមាណគ្រាប់ពូជ ៣០
គីឡូក្រាម) ។ សំណាបអាចស្ទូងបាននៅពេលមានអាយុពី ៩-១៤ ថ្ងៃ
បន្ទាប់ពីសាប ដោយមូរសំណាបជារមូរតាមទំហំដែលត្រូវការ ។
ចំពោះការធ្វើថ្នាលដាប៉ុកនេះ កសិករខ្មែរមិនសូវនិយមទេ
ព្រោះវាទាមទារឲ្យមានការថែទាំយ៉ាងហ្មត់ចត់ និងពិបាកស្ទូង
ព្រោះដើមសំណាបខ្លីៗពេក ។៦.២.២.២. ការថែទាំថ្នាល និងសំណាប
ថ្នាលសំណាបត្រូវថែទាំឲ្យបានល្អតាំងពីចាប់ផ្តើមរហូតដល់ចប់ ។ មុនពេលភ្ជួរដាស់ដីលើកទីមួយត្រូវដាក់ជីលាមកគោ ឬកំប៉ុស្តមួយរទេះគោ ឬ ២៥០ គីឡូក្រាមក្នុងថ្នាល ១០០ ម៉ែត្រការ៉េឲ្យបានស្មើគ្រប់កន្លែង ។ ថ្នាលត្រូវភ្ជួរ និងរាស់ឲ្យបានល្អ និងរាបស្មើមុននឹងសាប ។ បន្ទាប់ពីកូនសំណាបដុះលូតលាស់ គេអាចបញ្ចូលទឹកជម្រៅពី៣-៥ ស.ម រហូតដល់កូនសំណាបអាយុល្មមនឹងដកយកទៅស្ទូង ។ ចំពោះស្រូវស្រាលដែលមានអាយុកាលពី ១១០-១២០ថ្ងៃ អាយុសំណាបសមស្របសម្រាប់ស្ទូងគឺពី ២០-២៥ថ្ងៃ និងចំពោះពូជស្រូវដែលមានអាយុកាលពី ៩៥-១១០ថ្ងៃនោះ អាយុកាលសមស្របគឺពី ១៨-២២ថ្ងៃ ។ ដោយឡែកចំពោះស្រែដែលរាបស្មើល្អ គ្មានក្តាមបំផ្លាញ និងគ្រប់គ្រងទឹកបាន គេអាចប្រើសំណាបដែលមានអាយុពី ១០-១៥ ថ្ងៃ ។ ពេលមុនដកទៅស្ទូងចំនួនមួយសប្ដាហ៍ យើងគួរបាចជីបំប៉ន ដើម្បីឲ្យកូនសំណាបថ្លោសល្អ និងមានកម្លាំងលូតលាស់ខ្លាំងងាយស្រួលក្នុងការដកយកទៅស្ទូង ។៦.២.២.៣. ការរៀបចំដីសម្រាប់ស្ទូង
ការរៀបចំដី ជាទូទៅគេធ្វើចំនួន ២ដង គឺលើកទីមួយធ្វើឡើងនៅមុនពេលស្ទូងចំនួន ១៥ ថ្ងៃ និងលើកទី២ ធ្វើឡើងនៅមុនពេលស្ទូងចំនួន ១ ថ្ងៃ ។ គោលបំណងនៃការរៀបចំដីនៅមុនពេលស្ទូងចំនួន ១៥ ថ្ងៃ នោះគឺដើម្បីការពារមិនឲ្យកូនសំណាបទទួលរងនូវឥទ្ធិពលកំហាប់ ជាតិពុល ដែលកើតចេញពីការរលួយរបស់សារធាតុសរីរាង្គស្រស់មួយចំនួន ។ ចំពោះជម្រៅនៃការភ្ជួរគឺចាប់ពី ១៨-២០ ស.ម ហើយបន្ទាប់ពីភ្ជួរដីលើកទីពីរហើយ គេចាប់ផ្តើមរាស់ពង្រាបដី ដើម្បីបំបែកដី និងធ្វើឲ្យដីរាបស្មើងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹក ។៦.២.២.៤. ការស្ទូង
ការស្ទូងធ្វើឡើងនៅពេលសំណាបមានអាយុចាប់ពី ១០-២៥ថ្ងៃ (សូមមើលចំនុច ៦.២.២.២) ។ ចំពោះចន្លោះគុម្ពនៃការស្ទូង គឺវាអាស្រ័យទៅតាមប្រភេទដី ។ ចំពោះដីដែលមានជីជាតិល្អដូចជា ដីទួលសំរោង ក្រគរ និងក្បាលពោធិ៍ គួរស្ទូងចន្លោះគុម្ព ២៥ x ២៥ ស.ម តែចំពោះដីដែលពុំសូវមានជីជាតិ ដូចជា ដីប្រទះឡាង ដីព្រៃខ្មែរ ស្ទូងចន្លោះគុម្ព ២០ x ២០ ស.ម ។ ទោះជាយ៉ាងណាក៏ដោយ ការស្ទូងដោយប្រើចន្លោះគុម្ពត្រឹមត្រូវមានសារសំខាន់ណាស់ចំពោះ ទិន្នផលស្រូវ ។ បើសិនជាយើងស្ទូងដោយប្រើចន្លោះគុម្ពមិនត្រឹមត្រូវទៅតាមប្រភេទដី ដូចជាស្ទូងទុកចន្លោះគុម្ពធំពេកលើដីដែលពុំសូវមានជីជាតិ ឬទុកចន្លោះគុម្ពតូចពេកលើដីដែលមានជីជាតិ នោះវាអាចធ្វើឲ្យមានការថយចុះនូវទិន្នផលដែរ ។៦.២.២.៥. ការប្រើប្រាស់ជី
ការបាចជីក្នុងកម្រិតណែនាំមួយនាដំណាក់កាលលូតលាស់សមស្របរបស់ ដំណាំ មានសារសំខាន់ណាស់ដើម្បីទទួលបានទិន្នផលគ្រាប់ និងគ្រាប់ពូជដែលគុណភាពល្អ ។ ជីគួរតែបាចឲ្យបានស្មើសាច់ ឫសព្វល្អ ។ ការបាចជីមិនបានស្មើល្អ បង្កឲ្យការដុះលូតលាស់របស់ដំណាំមិនស្មើគ្នា ដែលអាចបណ្ដាលឲ្យមានការដួលដើម ការបំផ្លាញដោយសត្វល្អិតចង្រៃ និងជំងឺគ្រាប់ស្កក ច្រើននៅកន្លែងដែលទទួលជីច្រើនលើសលប់ ផ្ទុយទៅវិញការដុះលូតលាស់របស់ដំណាំមានលក្ខណៈខ្សោយនៅកន្លែងណា ត្រូវបានបាចជីក្នុងកម្រិតទាប ។ ការប្រើជីសរីរាង្គ ដូចជាជីលាមកគោ ឬជីកំប៉ុស្តជាដើម ជាមួយនិងជីអសរីរាង្គតាមលក្ខណៈបច្ចេកទេស ដែលបានអនុសាសន៍ គឺនឹងជំនួយឲ្យមានការកើនឡើងនូវទិន្នផលប្រកបដោយនិរន្តរភាព (សូមមើលជំពូកទី ៨) ។៦.២.២.៦. ការគ្រប់គ្រង និងការបញ្ចេញបញ្ចូលទឹក
ស្រូវ គឺជាដំណាំមួយដែលត្រូវការទឹកច្រើនសម្រាប់ការលូតលាស់ តែតម្រូវការនេះមិនស្មើគ្នានៅគ្រប់ដំណាក់កាលទេ ។ ស្រូវត្រូវការទឹកទៅតាមតំណាក់កាលដូចខាងក្រោម ៖- មុន និងពេលរៀបចំដី: ដើម្បីឲ្យដីទន់ល្អ ងាយស្រួលក្នុងការរៀបចំដី
- ដំណាក់កាលសំណាប: ដើម្បីឲ្យឆាប់ដុះឫស
- ដំណាក់កាលបែកគុម្ព: ដើម្បីឲ្យបែកគុម្ពបានច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តីដំណាំស្រូវ មិនត្រូវការទឹកច្រើនពេកទេ ព្រោះបើកាលណាជម្រៅទឹកនៅក្នុងស្រែកាន់តែជ្រៅ ធ្វើឲ្យចំនួនដើមបែកថយចុះ ហើយកម្លាំងលូតលាស់របស់ដើមស្រូវ ក៏ថយចុះផងដែរ ផ្ទុយទៅវិញកម្ពស់ដើមកាន់តែខ្ពស់ឡើង ។ កម្ពស់ទឹកសមស្របសម្រាប់ដំណាក់កាលនេះគឺ ៥-១០ ស.ម អាស្រ័យទៅតាមប្រភេទស្រូវ ។
- ដំណាក់កាលកកើតកួរ ដល់ចេញផ្កា: ជាដំណាក់កាលសំខាន់ ដែលត្រូវរក្សាទឹកឲ្យបានគ្រប់គ្រាន់ ព្រោះអាចប៉ះពាល់ខ្លាំងដល់ទិន្នផលរបស់ដំណាំ ម្យ៉ាងទៀតនៅក្នុងដំណាក់កាលចេញផ្កា ស្រូវអាចស្កកច្រើន បើសិនជាមិនមានសំណើមគ្រប់គ្រាន់ទេនោះ ។
- ដំណាក់កាលដាក់ម្សៅ: ដើម្បីឲ្យស្រូវដាក់គ្រាប់បានល្អ ទន្ទឹមនឹងតម្រូវការទឹកសម្រាប់ដំណាំស្រូវ យើងក៏ត្រូវបង្ហូរទឹកចេញពីស្រែនៅមុនពេលច្រូតរយៈពេល ២-៣ សប្ដាហ៍ ដើម្បីឲ្យស្រូវឆាប់ទុំ និងធ្វើឲ្យដីរឹង ងាយស្រួលដល់ការច្រូតកាត់ ។
៦.២.២.៧. ការប្រមូលផល
ពេលវេលាសមស្របសម្រាប់ប្រមូលផល គឺត្រូវពិនិត្យលើកម្រិតទុំនៃគ្រាប់ដោយការវាស់សំណើមគ្រាប់ ។ សំណើមសមស្របដែលត្រូវមាននៅក្នុងគ្រាប់ស្រូវពេលប្រមូលផលគឺ ២១ ទៅ ២៥ ភាគរយ ។ នៅក្នុងតំបន់ត្រូពិកកម្រិតសំណើមគ្រាប់នេះ មានបន្ទាប់ពីស្រូវចេញផ្កាបាន ២៨ ទៅ ៣២ ថ្ងៃ ។ ប្រសិនបើការច្រូតកាត់ត្រូវបានពន្យាពេល នោះវានឹងបណ្តាលឲ្យមានការបាត់បង់ទាំងទិន្នផល និងភាគរយនៃអង្ករដើមបន្ទាប់ពីកិន ។ ប្រសិនបើការពន្យាពេលនេះមានរយៈពេលយូរ ហើយសំណើមក្នុងគ្រាប់ធ្លាក់ចុះមកត្រឹម ១៥ ភាគរយ នោះទិន្នផលនឹងអាចបាត់បង់ច្រើនជាង២០ ភាគរយ ។ បញ្ហានេះគឺបណ្តាលមកពីកត្តាជាច្រើន ដូចជា ការជ្រុះគ្រាប់ ការបំផ្លាញពីសត្វចាប និងសត្វកណ្តុរជាដើម ។ ជាពិសេសទៅទៀត កួរស្រូវនឹងបាក់ភាគច្រើន ពេលនោះការច្រូតកាត់នឹងធ្វើឲ្យដាច់កួរទាំងនោះ ។ ដូចនេះការប្រមូលផលស្រូវក្នុងសំណើមគ្រាប់ស្រូវពី ២១ ទៅ ២៥ ភាគរយ នេះគឺអាចជួយកាត់បន្ថយការបាត់បង់គ្រាប់ស្រូវ និងធ្វើឲ្យអង្ករមានគុណភាពទៀតផង ។ ក្នុងករណីគ្រាប់ស្រូវទុំញោះក្នុងស្រែ នោះគ្រាប់ភាគច្រើននឹងត្រូវបាក់នៅពេលកិន ដោយសារគ្រាប់ទាំងនោះបានប្រេះស្រាំ ដោយកម្ដៅពន្លឺព្រះអាទិត្យ ។ ការប្រមូលផលអាចនឹងប្រព្រឹត្តដោយម៉ាស៊ីន និងដោយដៃ ។ ការប្រមូលផលដោយដៃ ត្រូវការប្រើប្រាស់កម្លាំងពលកម្មច្រើនព្រមទាំងមានការយឺតយ៉ាវផង ដែរ ។ ជាទូទៅគេត្រូវការកម្លាំងជាមធ្យម ២៥ ទៅ ៣០ នាក់ ក្នុងមួយហិកតា ។ ផ្ទុយទៅវិញ ការច្រូតកាត់ដោយម៉ាស៊ីន បានបង្កភាពងាយស្រួលច្រើនដល់កសិករ ដោយអាចបំពេញសេចក្តីត្រូវការច្រើន បានទាន់ពេលវេលាក្នុងពេលជាមួយគ្នា ដូចជា ការច្រូតកាត់ ការបោកបែន និងការសម្អាតផងដែរ ។ការច្រូតកាត់ឲ្យទាន់ពេលវេលា មានសារសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយការបាត់បង់ពីសំណាក់ការ បំផ្លាញផ្សេងៗ ដូចជា បក្សី កណ្តុរ និងការជ្រុះគ្រាប់ជាដើម ។ ការប្រមូលផលយឺតយ៉ាវ ឬមុនពេល ក៏អាចប៉ះពាល់ដល់ទិន្នផលស្រូវ និងគុណភាពអង្ករពេលកិន ក្រៅពីនេះអាចធ្វើឲ្យមានអត្រាដំណុះគ្រាប់ទាប និងភាគរយគ្រាប់ស្កកមានចំនួនច្រើន បើសិនជាយើងប្រមូលផលនៅមុនពេលកំណត់ ។ ដូចនេះមុនពេលប្រមូលផល យើងគួរធ្វើការត្រួតពិនិត្យភាគរយនៃការទុំនៃគ្រាប់ស្រូវនៅក្នុង ស្រែ ។ ស្រូវដែលអាចប្រមូលផលបាន គឺនៅពេលគ្រាប់ស្រូវមានសំណើមពី ២១-២៥ ភាគរយ ដែលក្នុងនោះគ្រាប់ស្រូវប្រហែល ៨៥ ភាគរយ ក្នុងកួរទុំមានពណ៌ដូចចំបើង ។ បើសិនជាគ្រាប់ស្រូវមានអត្រាសំណើមខ្ពស់ជាងនេះ នោះអាចនឹងបន្ថយនូវរយៈពេលនៃការស្តុកទុកដោយសារមានបញ្ហាជាច្រើន ដូចជា ការដុះផ្សិត សត្វល្អិតបំផ្លាញ និងអត្រាដំណុះថយចុះជាដើម ។
៦.២.៣. កត្តារាំងស្ទះ (Constraints)
មានកត្តាជាច្រើនដែលបង្កភាពរាំងស្ទះនៅក្នុងវប្បកម្មដំណាំ ស្រូវ ដែលបណ្ដាលឲ្យមានការបាត់បង់ទិន្នផលយ៉ាងច្រើន ។ កត្តារាំងស្ទះទាំងអស់នោះរួមមាន ៖៦.២.៣.១. ស្មៅចង្រៃ
បញ្ហាស្មៅចង្រៃនៅក្នុងផលិតកម្មស្រូវ ជាកត្តសំខាន់មួយដែលទាមទារឲ្យមានការរៀបចំដីឲ្យបានត្រឹមត្រូវ និងកម្ចាត់ស្មៅឲ្យបានស្អាតល្អ ចាប់តាំងពីពេលសាប រហូតដល់ពេលស្រូវចាប់ផ្ដើមចេញផ្កា ។ ស្មៅចង្រៃមានប្រព័ន្ធឫសគ្រប់គ្រាន់ និងមានលទ្ធភាពដុះលឿនជាងស្រូវ ។ ស្មៅជាឧបសគ្គនឹងដំណាំស្រូវ នៅពេលស្រូវស្ថិតនៅក្នុងងដំណាក់កាលសំណាបរហូតដល់ដំណាក់កាលពន្លូត ដើម ព្រោះនៅក្នុងដំណាក់កាលនេះ ស្រូវនៅតូចហើយដុះយឺត ។ ដូច្នេះនៅពេលដំណាំស្រូវស្ថិតក្នុងដំណាក់កាលនេះ ត្រូវទាមទារឲ្យមានការសម្អាតស្មៅឲ្យបានស្អាត ដើម្បីទុកលទ្ធភាពឲ្យដំណាំស្រូវដុះលូតលាស់បានល្អ ជាពិសេសទៅទៀតការធ្វើស្មៅចាំបាច់បំផុតនោះ គឺមុនពេលបាចជីបំប៉ន ។ ក្រៅពីនេះ ការបោចសម្អាតស្មៅត្រូវធ្វើជាបន្តបន្ទាប់មកទៀតឲ្យបានពីរទៅបី ដង អាស្រ័យទៅតាមអាយុកាលរបស់ស្រូវ និងក្នុងមួយវដ្តនៃដំណាំស្រូវ ។៦.២.៣.២. សត្វល្អិតចង្រៃ
នៅក្នុងផលិតកម្មដំណាំស្រូវ តែងទទួលរងនូវការបំផ្លាញពីសត្វល្អិតចង្រៃជាច្រើនប្រភេទ ។ សត្វល្អិតចង្រៃដែលគេជួបប្រទះជាញឹកញាប់នៅក្នុងផលិតកម្មដំណាំ ស្រូវ ចាប់តាំងពីដំណាក់កាលសំណាប រហូតដល់ពេលស្រូវទុំគឺមានសត្វល្អិត ដូចជា ទ្រីប មមាចខៀវ មមាចត្នោត ពពួកដង្កូវស៊ីរូងដើម ដង្កូវកាត់ស្លឹក ដង្កូវមូលស្លឹក ពពួកកណ្តូបបំផ្លាញនៅលើស្លឹកស្រូវ និងស្រឹងជញ្ជក់ទឹកដោះលើគ្រាប់ស្រូវ (សូមមើលជំពូកទី៩) ។៦.២.៣.៣. សត្វកណ្តុរ និងចាប
កណ្តុរ គឺជាសត្វចង្រៃដែលតែងតែបំផ្លាញដំណាំស្រូវ ចាប់តាំងពីសាបរហូតដល់ស្រូវទុំ និងនៅក្នុងជង្រុក ។ មានវិធីសាស្ត្រជាច្រើនបានយកមកអនុវត្តក្នុងការកម្ចាត់កណ្តុរ ។ វិធីសាស្ត្រទីមួយ គឺជាវិធីសាស្ត្រមេកានិច ដែលក្នុងនោះមានការជីករន្ធ ការចាក់សម្បុកតាមដើមឈើ ដាក់អង្គប់ ចាក់ទឹកក្នុងរន្ធ របាំងប្លាស្ទិក និងប្រព័ន្ធអង្គប់របាំងប្លាស្ទិក ។ វិធីសាស្ត្រមួយទៀតគឺ វិធីសាស្ត្រកម្ចាត់ដោយប្រើឆ្កែ ។ ក្រៅពីនេះ ក៏មានវិធីសាស្ត្រប្រើប្រាស់ថ្នាំពុលកសិកម្មផងដែរ ។ ដើម្បីកម្ចាត់កណ្តុរឲ្យមានប្រសិទ្ធភាព គេត្រូវធ្វើការកម្ចាត់ជាក្រុមរួមគ្នា ។ចាបបំផ្លាញដំណាំស្រូវនៅក្នុងពេលសាប ដោយស៊ីគ្រាប់ស្រូវ និងនៅពេលស្រូវដាក់ទឹកដោះរហូតដល់ទុំ ។ ការបំផ្លាញរបស់ចាបអាចមានកម្រិតធ្ងន់ធ្ងរ ។ ដើម្បីការពារចាបគេត្រូវដាក់រូបទីងមោង តែជាការល្អគួរមានអ្នកចាំចាប ។
៦.២.៤. ពូជអនុសាសន៍
ពូជស្រូវដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រពបន្ថែម ឬទាំងស្រុង គឺជាពូជស្រាលដែលមានអាយុកាលមិនលើសពី១២០ ថ្ងៃ ។ នាពេលបច្ចុប្បន្នពូជស្រូវស្រាលទាំងប្រាំបួន ដែលបានរំដោះដោយគណៈកម្មាធិការជាតិអនុសាសន៍ពូជត្រូវបានកសិករនៅ ក្នុងប្រទេស ប្រើប្រាស់ប្រភេទពូជផ្សេងៗគ្នា អាស្រ័យទៅតាមតំបន់ ។ ពូជស្រូវទាំងនោះគឺជាពូជដែលមានទិន្នផលខ្ពស់ មានដូចជាពូជ អ៊ីអ៊ែរ៦៦ អ៊ីអ៊ែរ៧២ គ្រូ អ៊ីអ៊ែរកេសរ រំពេ បារាយណ៍ រហាត់ ជលសារ និងសែនពិដោរ (តារាង ៦.២) ។ ក្នុងនេះពូជស្រូវសែនពិដោរ គឺជាពូជស្រូវស្រាលក្រអូប ហើយមានគុណភាពល្អសម្រាប់នាំចេញទៀតផង ។៦.៣. ប្រព័ន្ធក្សេត្របរិស្ថានស្រូវស្រែទំនាបអាស្រ័យរបបទឹកភ្លៀង
៦.៣.១. បរិស្ថានដាំដុះ
តំបន់ស្រែទំនាបអាស្រ័យរបបទឹកភ្លៀងនៅព្រះរាជាណាចក្រកម្ពុជា គ្របដណ្តប់លើផ្ទៃដីប្រមាណ ៨៤ ភាគរយ នៃផ្ទៃដីដំណាំស្រូវសរុប (Ouk et al.,2001) ។ នៅក្នុងនោះមានអនុប្រព័ន្ធបរិស្ថានសំខាន់ៗចំនួនបីទៀតសម្រាប់ដំណាំ ស្រូវ គឺក្រុមដែលមានអាយុកាលស្រាល កណ្តាល និងធ្ងន់ (Men Sarom et al., 2001a) ។ ការធ្វើវប្បកម្មដំណាំស្រូវពួកនេះ គឺកសិករធ្វើទៅតាមយថាផល ដោយពឹងផែ្អកទាំងស្រុងទៅលើទឹកភ្លៀង ។ តំបន់ដែលមានការដាំដុះប្រភេទដំណាំស្រូវនេះច្រើនជាងគេ គឺតំបន់ទំនាបដែលនៅជុំវិញដងទន្លេសាប តំបន់មេគង្គក្រោម និងទន្លេបាសាក់ ។ ខេត្តដែលបានដាំប្រភេទស្រូវនេះរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំកំពង់ចាម កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពត កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ហើយច្រើនធ្វើការដាំដុះនៅលើស្រែដែលមានជម្រៅទឹកក្នុងស្រែ ជាទូទៅចាប់ពី ២៥ ស.ម-៥០ស.ម ឬច្រើនជាងនេះបន្តិចបន្តួច ក្នុងរយៈពេលខ្លី ។៦.៣.១.១. ស្រូវស្រាល (Early Duration Maturity)
ស្រូវស្រាល គឺជាប្រភេទពូជស្រូវអវេទរសទៅនឹងរយៈពន្លឺ (Photoperiod Insensitive varieties) ដែលមានអាយុកាលពីថ្ងៃសាបរហូតដល់ទុំ មិនលើសពី ១២០ថ្ងៃ ហើយបានធ្វើការដាំដុះប្រមាណ ២១ ភាគរយនៃផ្ទៃដីស្រែទំនាបអាស្រ័យរបបទឹកភ្លៀង (ដាំដុះនៅលើដីស្រែខ្ពស់ៗ) (Ouk et al., 2001) ។ ក្នុងចំណោមប្រភេទពូជស្រូវនៅគ្រប់ក្សេត្របរិស្ថានទាំងអស់ គឺមានតែប្រភេទស្រូវស្រាលមួយប៉ុណ្ណោះ ដែលយើងអាចធ្វើបានបីដងក្នុងមួយឆ្នាំ គឺនៅក្នុងរដូវវស្សា រដូវប្រាំង និងស្រូវប្រដេញទឹក ។ គេអាចដាំដុះបាននៅដើមរដូវវស្សា គឺចាប់ពីខែឧសភា ដល់ខែតុលា ឬឯរដូវប្រាំង គឺនៅដើមខែវិច្ឆិកា ដល់ខែមេសា (ប្រសិនបើមានប្រភពទឹក) និងធ្វើស្រូវប្រដេញទឹក នៅចន្លោះរដូវវស្សា និងរដូវប្រាំង ។ ប្រសិនបើគ្មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពទេ គឺអាចធ្វើបានពីរដងក្នុងមួយឆ្នាំតែប៉ុណ្ណោះ ។ ពពួកស្រូវប្រភេទនេះ អាចដាំដុះបាននៅលើប្រភេទដី (ដីខ្ពស់) ដែលមានជម្រៅទឹកចាប់ពី ០-១៥ សង្ទីម៉ែត្រ ហើយវាអាចចេញផ្កាបាននៅពេលណាក៏បាននៃឆ្នាំ ឲ្យតែលក្ខខណ្ឌដាំដុះអនុគ្រោះដល់ការដុះលូតលាស់របស់វា ។ នាពេលបច្ចុប្បន្ន ខេត្តដែលដាំពូជស្រូវស្រាលច្រើនជាងគេ គឺមានខេត្តតាកែវ ដែលមានផ្ទៃដីដាំដុះប្រមាណ ៥៣.៨១៨ហិកតា ក្នុងផ្ទៃដីសរុបចំនួន ១៦៦.៤៥០ ហិកតា ខេត្តសៀមរាប ៣៦.២៤០ ហិកតា ក្នុងផ្ទៃដីសរុប ១៧៥.៥៤៥ ហិកតា និងខេត្តព្រៃវែង ៣៣.២៩៣ ហិកតា នៅក្នុងផ្ទៃដីសរុប ២១៤.២៣៩ ហិកតា (ក្រសួងកសិកម្ម ២០០៤-២០០៥) ។៦.៣.១.២. ស្រូវកណ្តាល (Medium Duration Maturity)
គឺជាប្រភេទពូជស្រូវដែលអាចច្រូតកាត់បានក្នុងរយៈពេល១២០ ទៅ១៥០ថ្ងៃ បន្ទាប់ពីការដាំដុះ ។ពូជស្រូវកណ្តាលមានពីរប្រភេទគឺ ពូជស្រូវកណ្តាលអវេទរសទៅនឹងរយៈពន្លឺ និងពូជស្រូវកណ្តាលវេទរសទៅនឹងរយៈពន្លឺ ។ក. ពូជស្រូវកណ្តាលអវេទរសទៅនឹងរយៈពន្លឺ (Photoperiod Insensitive): គឺជាពូជស្រូវកណ្តាលមិនប្រកាន់រដូវ ដែលមានអាយុកាលចាប់ពី ១២០-១៥០ថ្ងៃ ក្រោយពីធ្វើការដាំដុះ ។
ខ. ពូជស្រូវកណ្តាលវេទរសទៅនឹងរយៈពន្លឺ (Photoperiod sensitive): គឺជាពូជស្រូវកណ្តាលដែលប្រកាន់រដូវ ពូជស្រូវប្រភេទនេះច្រើនចេញផ្កានៅចន្លោះថ្ងៃទី ១០ ដល់ ១៥ ខែតុលានៃឆ្នាំ ។ ពូជស្រូវប្រភេទនេះ មានការដាំដុះលើផ្ទៃដីប្រមាណ ៤៦ ភាគរយ នៃផ្ទៃដីស្រែទំនាបអាស្រ័យរបបទឹកភ្លៀង ហើយត្រូវដាំនៅលើផ្ទៃដីស្រែកណ្តាលដែលមានជម្រៅទឹកចាប់ពី ១០-៣០ ស.ម ។
ខេត្តដែលប្រើប្រាស់ពូជស្រូវកណ្តាលច្រើនជាងគេគឺ ខេត្តកំពតដែលមានផ្ទៃដី ៩២.៩៥៥ ហិកតា ក្នុងផ្ទៃដីសរុប ១១៩.៤៤៨ ហិកតា ខេត្តព្រៃវែង ៩២.២០៨ ហិកតា ក្នុងផ្ទៃដីសរុប ២១៤.២៣៩ ហិកតា ខេត្តតាកែវ ៨៨.០៥៨ ហិកតា ក្នុងផ្ទៃដីសរុប ១៦៦.៤៥០ ហិកតា (ក្រសួងកសិកម្ម ២០០៤.២០០៥) ។
៦.៣.១.៣. ពូជស្រូវធ្ងន់ (Long Duration Maturity)
ពូជស្រូវប្រភេទនេះ មានអាយុកាលចាប់ពី ១៥០ ថ្ងៃឡើងទៅ ។ ដោយឡែកចំពោះពូជស្រូវធ្ងន់វេទរសទៅនឹងរយៈពន្លឺ (Photoperiod sensitive) ច្រើនចេញផ្កានៅពាក់កណ្តាលខែវិច្ឆិកា ហើយពូជស្រូវប្រភេទនេះធ្វើការដាំដុះលើផ្ទៃដីប្រមាណ ៣៣ ភាគរយនៃផ្ទៃដីស្រែទំនាបពឹងផ្អែកលើរបបទឹកភ្លៀង (Ouk et al., 2001) ។ចំពោះស្រូវប្រភេទនេះ ខេត្តដែលបានធ្វើការដាំដុះច្រើននៅលើផ្ទៃដីដ៏ធំធេងជាងគេ គឺខេត្តបាត់ដំបង ដែលមានផ្ទៃដីប្រមាណ ១១៤.៥៧៩ ហិកតា ក្នុងផ្ទៃដីសរុប ២២៨.២៥៥ ហិកតា ខេត្តព្រៃវែង ផ្ទៃដីសម្រាប់ដាំដុះស្រូវធ្ងន់មាន ៨៨.៦៨០ ហិកតា ក្នុងផ្ទៃដីសរុប ២១៤.២៣៩ ហិកតា និងខេត្តកំពង់ចាម ៨០.១១៧ ហិកតា ក្នុងផ្ទៃដីសរុប ១៦២.៦៣២ ហិកតា (ក្រសួងកសិកម្ម ២០០៤-២០០៥) ។
៦.៣.២. វិធីសាស្ត្រដាំដុះ
នៅក្នុងព្រះរាជាណាចក្រកម្ពុជា វិធីសាស្ត្រដាំដុះលើដំណាំស្រូវមាន ៤ ប្រភេទគឺ ៖៦.៣.២.១. ស្រូវពង្រោះ
ស្រូវពង្រោះ គឺជាវិធីសាស្ត្រដាំដុះមួយដែលកសិករព្រោះគ្រាប់ស្រូវទៅក្នុងស្រែ ដោយផ្ទាល់ និងមិនធ្វើការដកស្ទូងឡើយ ។ កសិករច្រើនព្រោះនៅចុងខែមេសា ឬដើមខែឧសភា នៅពេលដែលមានភ្លៀងធ្លាក់ដំបូង ឬនៅពាក់កណ្តាលខែមេសា រហូតដល់ខែកក្កដា ។ ជាទូទៅកសិករច្រើនប្រើពូជស្រូវធ្ងន់ ឬពូជស្រូវប្រពៃណី ដោយប្រើគ្រាប់ពូជក្នុងបរិមាណ ១០០-១៥០ គីឡូក្រាម ក្នុងមួយហិកតា ។ ក្នុងករណីដែលមានគ្រាប់ពូជសុទ្ធល្អ កសិករអាចប្រើតែត្រឹម ៧០-៨០ គីឡូក្រាមប៉ុណ្ណោះក៏អាចគ្រប់គ្រាន់បានដែរ ។ ក្រៅពីពូជស្រូវធ្ងន់ ជួនកាលគេក៏ប្រើប្រាស់ពពួកស្រូវកណ្តាល និងពពួកស្រូវស្រាលដែរ ។ ប្រសិនបើស្រូវពង្រោះជាពូជស្រូវធ្ងន់ គេច្រើនធ្វើការច្រូតកាត់នៅពាក់កណ្តាល ឬចុងខែមករា ។ កសិករភាគច្រើននៅតំបន់ខេត្តពាយ័ព្យ ដោយសារតែផ្ទៃដីក្នុងមួយគ្រួសារៗមានទំហំធំ ខ្វះកម្លាំងពលកម្ម និងចំណេញថវិកាផងនោះ គេច្រើនធ្វើស្រូវពង្រោះ ។ ប្រសិនបើមានការថែទាំដិតដល់ ទិន្នផលដែលទទួលបានពីស្រូវនេះ វាប្រហាក់ប្រហែលនឹងស្រូវសន្ទូងដែរ ។ ដោយឡែកនៅខាងតំបន់ពាយ័ព្យនៃប្រទេស គេតែងធ្វើការភ្ជួរពង្រោះអាស្រ័យទៅនឹងកម្ពស់ដើមពី ០.៤-០.៦ម ដោយចាំបាច់ឲ្យមានវត្តមានទឹកនៅក្នុងស្រែ ក្នុងគោលបំណងដើម្បីរំលោះដើមចោលខ្លះ ។ គេច្រើនភ្ជួរពង្រោះនៅចុងខែកក្កដា និងខែសីហា ឬនៅពេលណាមានទឹកនៅក្នុងស្រែប្រមាណ ១០-២០ ស.ម កសិករចាប់ផ្តើមភ្ជួរដើមរបស់ស្រូវពង្រោះរបស់គាត់ដើម្បីរំលោះដើម និងធ្វើឲ្យស្រូវឆាប់បែកគុម្ពល្អ ។ ការភ្ជួរដើមរបៀបនេះ គេច្រើនធ្វើលើប្រភេទស្រូវធ្ងន់ កណ្តាលលើកលែងចំពោះប្រភេទស្រូវឡើងទឹក និងប្រភេទស្រូវស្រាល ។ក. គុណសម្បត្តិនៃការភ្ជួរដើម
- ធ្វើឲ្យស្មៅងាប់
- ផុសដីបានល្អ
- រំលោះដើមខ្លះ
- បែកគុម្ពល្អ និងបង្កើតឫសថ្មី
- ប្រើពូជអស់ច្រើន
- នឹងមានការខូចខាត ប្រសិនបើមានគ្រោះធម្មជាតិបន្ទាប់ពីភ្ជួរដើមរួច
- ធ្វើឲ្យដីស្រែមានអាចម៍បំណាស់ ពិបាកដើរច្រូត ។
៦.៣.២.២. សន្ទូង
ចំពោះស្រូវសន្ទូង ដែលធ្វើនៅលើដីស្រែទំនាបពឹងផ្អែកលើរបបទឹកភ្លៀង គេធ្វើបានចំពោះពូជស្រូវទាំង ៣ប្រភេទ គឺស្រូវស្រាល កណ្តាល និងស្រូវធ្ងន់ ដោយប្រើគ្រាប់ពូជប្រមាណ ៣០-៥០ គីឡូក្រាម ក្នុងមួយហិកតា ។ អាយុសមស្របរបស់សំណាបដែលត្រូវដកយកទៅស្ទូងគឺ ១០-២៥ថ្ងៃ (សូមមើលចំណុច ៦.២.២.២) សម្រាប់ប្រភេទស្រូវស្រាល និង ៣០-៣៥ថ្ងៃ សម្រាប់ប្រភេទស្រូវកណ្តាល និងស្រូវធ្ងន់ ។
ក. ការរៀបចំទីសំណាប (សូមមើលចំនុចទី ៦.២.២.១)
ខ. ការស្ទូង
ការស្ទូងមានពីរបែបគឺ ការស្ទូងជាជួរ និងការស្ទូងធម្មតា ។
ខ១. ការស្ទូងជាជួរ
កាលពីមុនការស្ទូងជាជួរ
គឺមានតែនៅកន្លែងពិសោធន៍ស្រាវជ្រាវតែប៉ុណ្ណោះ
ដោយក្នុងការអនុវត្តរបៀបនេះគេស្ទូងតែមួយដើមប៉ុណ្ណោះក្នុងមួយ
គុម្ព ដើម្បីជួយសម្រួលដល់អ្នកបច្ចេកទេស
ក្នុងការកាត់ពូជលាយនៅក្នុងស្រែរបស់ផលិតកម្មគ្រាប់ពូជ
និងងាយស្រួលដល់ការងារថែទាំដំណាំស្រូវទៀតផង ។
តែបច្ចុប្បន្នការស្ទូងជាជួរនេះកំពុងពេញនិយមដល់ប្រជាកសិករខ្មែរ
ជាពិសេសកសិករដែលមានផ្ទៃដីតិច ពីព្រោះការស្ទូងជាជួរ
យើងបានបែងចែកនូវចន្លោះគុម្ព និងចន្លោះជួរស្មើគ្នា
ដូចនេះស្រូវមានលទ្ធភាពស្រូបយកជីជាតិពីដី និងស្រូបយកពន្លឺ
ដើម្បីធ្វើរស្មីសំយោគបានស្មើៗគ្នា
ដែលធ្វើឲ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់ (រូប ៦.៤) ។
ជាទូទៅនៅក្នុងស្រែកសិករដើម្បីកាត់បន្ថយការជួសសន្ទូងដែលត្រូវ
ងាប់ដោយបញ្ហាផ្សេងៗនោះ ការស្ទូង ២ ទៅ ៣ដើម ក្នុងមួយគុម្ព
គួរត្រូវបានអនុវត្ត ។ ចន្លោះគុម្ពសន្ទូងគឺអាស្រ័យទៅតាមប្រភេទពូជ
និងតាមរដូវ ។ នៅក្នុងរដូវវស្សា
ចំពោះពូជស្រូវស្រាលគឺត្រូវមានចន្លោះគុម្ព ២៥ x ២៥ស.ម
តែនៅរដូវប្រាំងវិញ គួរមាន ២០ x ២០ ស.ម ។ ដោយឡែកចំពោះពូជស្រូវកណ្តាល
ចន្លោះគុម្ពសមស្រប គឺ ២៥ x ២៥ ស.ម និង ៣០ x ៣០ ស.ម សម្រាប់ស្រូវធ្ងន់ ។
សន្ទូងគួរត្រូវជួសនាប្រមាណ ៥ថ្ងៃ ក្រោយពីពេលស្ទូង ។
សម្ភារៈសម្រាប់ធ្វើការងារស្ទូងជាជួរមាន ខ្សែក្រិត
និងក្តារក្រិត ។គុណសម្បត្តិនៃការស្ទូងជាជួរ
- ប្រើប្រាស់ពូជអស់តិច
- ងាយស្រួលក្នុងការបាចជី និងបាញ់ថ្នាំ
- ស្រួលសម្អាតស្មៅដោយម៉ាស៊ីន និងដោយដៃ
- ចន្លោះគុម្ពសមស្រប ធ្វើឲ្យសន្ទូងដុះលូតលាស់ស្មើគ្នា និង
- ងាយស្រួលកម្ចាត់ពូជដែលលាយនៅក្នុងស្រែ ។
- ប្រើកម្លាំងពលកម្មច្រើនអាចរហូតដល់ ៥០-៦០នាក់ ក្នុងមួយហិកតា
- ចំណាយពេលវេលា និងចំណាយប្រាក់ច្រើន ។
ខ២. ការស្ទូងតាមទម្លាប់កសិករ ឬស្ទូងមុំចង្ក្រាន
ការស្ទូងជាមុំចង្ក្រាន ត្រូវបានអនុវត្តជាទូទៅដោយកសិករខ្មែរ
ដោយហេតុថាវាជាទម្លាប់តាំងពីដូនតាមកហើយ ។
នៅក្នុងការស្ទូងដូចនេះកសិករអាចស្ទូងបានលឿន
និងចំណាយកម្លាំងពលកម្មអស់តិចជាងការស្ទូងជាជួរ ។
ប៉ុន្តែក្នុងការស្ទូងជាមុំចង្ក្រាន យើងបែងចែកនូវចន្លោះគុម្ព
និងចន្លោះជួរមិនបានស្មើគ្នាទេ
ដូចនេះស្រូវពុំមានលទ្ធភាពស្រូបយកជីជាតិពីដី
និងស្រូបយកពន្លឺដើម្បីធ្វើរស្មីសំយោគបានស្មើៗគ្នាទេ
ដែលនេះអាចធ្វើឲ្យប៉ះពាល់ដល់ទិន្នផលស្រូវ ។គុណសម្បត្តិនៃការស្ទូងជាមុំចង្ក្រាន
- ប្រើកម្លាំងពលកម្មអស់តិច
- ចំណាយពេលវេលាខ្លី និងចំណាយប្រាក់តិច
- ប្រើប្រាស់ពូជអស់ច្រើន
- ពិបាកក្នុងការធ្វើស្មៅ និងសម្អាតពូជលាយ
៦.៣.២.៣. ការព្រាចសំណាប
ការព្រាចសំណាប គេចាត់ទុកជាវិធីសាស្ត្រដ៏ល្អមួយដែរ តែវាធ្វើបានតែនៅលើ ៖- ផ្ទៃដីតូចៗ
- ដីមានជីជាតិ
- ដីរាបស្មើល្អ
- នៅជិតប្រភពទឹក
- អាចបញ្ចេញបញ្ចូលទឹកបានល្អ
៦.៣.៣. ការរៀបចំដី
ដីស្រែដែលសម្រាប់ស្ទូង ជាធម្មតាគួរតែធ្វើ ៣ លើកជាការល្អ លើកទី១ គឺភ្ជួរដាស់ដីម្តងនៅពេលមានភ្លៀងធ្លាក់ដំបូង និងភ្ជួរលើកទី២ មុនស្ទូងកន្លះខែ និងលើកទី៣ ភ្ជួរ និងរាស់មុនស្ទូង ១ថ្ងៃ ដើម្បីឲ្យដីធូរល្អ និងសម្លាប់ស្មៅក្នុងស្រែទៀតផង ។ផ្តល់នូវគោលបំណងនៃការភ្ជួរ ៖
- ដើម្បីកម្ចាត់ស្មៅ
- លាយសារធាតុសរីរាង្គជាមួយដី
- បង្កប់ជី និងថ្នាំពុលទៅក្នុងដី
- ធ្វើឲ្យងាយស្រួលដល់ការស្ទូង
- បង្កើតស្រទាប់ដីតែមួយដែលបន្ថយដល់ការខាតទឹក ក្នុងរយៈពេលនៃការស្រោចស្រព
- ចាប់ផ្តើមបំបែកស្រទាប់ដី
- បំបែកដីដុំធំៗឲ្យល្អិត
- លាយច្របល់កម្ទេចរុក្ខជាតិមួយដី
- ពង្រាបដីសម្រាប់ការស្រោចស្រព និងបញ្ចេញទឹក ដើម្បីការពារសំណាប និងពង្រោះពីឥទ្ធិពលអាក្រក់នៃកំហាប់ជាតិពុល ដែលកើតឡើងដោយសារការរលួយធាតុសរីរាង្គ និងដើម្បីអនុញ្ញាតឲ្យរុក្ខជាតិស្រូបយកជីជាតិឆ្លងតាមការរលួយនៃ ធាតុសរីរាង្គ ។ ដីធូរហើយរាបស្មើ សម្រាប់ឲ្យការចែកចាយទឹកបានល្អ និងមានឯកសណ្ឋានភាព ។ ការធ្វើដីមានពីរសារឡើងទៅ បើលើកទីមួយកសិករភ្ជួរផាត់ចេញនៅលើកទីពីរ គាត់ត្រូវភ្ជួរផាត់ចូលមកវិញដើម្បីឲ្យដីមានឯកសណ្ឋាន ។
៦.៣.៤. ការប្រើប្រាស់ជី
ការប្រើប្រាស់ជី គឺ ៣ ដងក្នុងមួយវដ្តជីវិតរបស់ដំណាំស្រូវ ។ លើកទី១ គឺបាចទ្រាប់បាតមុនស្ទូង លើកទី២ ក្រោយពីស្ទូង ៣០ ថ្ងៃ និងលើកទី៣ នៅពេលស្រូវកកើតកួរ ។ កម្រិតនៃការប្រើប្រាស់ជី គឺអាស្រ័យទៅតាមប្រភេទដី (សូមមើលក្នុងជំពូក៨) ។៦.៣.៥. ការថែទាំ
ជាការពិតណាស់ ការថែទាំជាផ្នែកមួយដែលជួយដល់ការបង្កើនទិន្នផលស្រូវផងដែរ ដូចជាការដកស្មៅចង្រៃចេញពីស្រែ ព្រោះជាជម្រករបស់ពពួកសត្វល្អិត និងជំងឺ ។ រីឯការគ្រប់គ្រងទឹកវិញ ពេលស្រូវនៅក្នុងវគ្គបែកគុម្ព គួរបញ្ចេញទឹកឲ្យអស់ពីក្នុងស្រែក្នុងរយៈពេលពី ៣-៥ថ្ងៃ រួចបញ្ចូលវិញជាការល្អប្រសិនបើស្រែនៅជិតប្រភពទឹក ។ តែបើសិនទឹកដក់ក្នុងស្រែជាប្រចាំនោះ វានឹងធ្វើឲ្យដីនោះមានកង្វះធាតុស័ង្កសី (Zn) ។ សំខាន់ជាងនេះទៀត ស្រែត្រូវមានមានភ្លឺធំមាំល្អ ដើម្បីទប់ទឹកទុកក្នុងពេលរាំងស្ងួត ឬអត់ភ្លៀងនៅចុងរដូវ ឬក៏ក្នុងករណីដែលវាលស្រែមានរាងជាបាតខ្ទះ ការលើកភ្លឺអាចបន្ថយជម្រៅទឹកក្នុងស្រែបាន ។៦.៣.៦. ប្រមូលផល
ស្រូវដែលល្មមច្រូតកាត់បាន គឺ ៣០ថ្ងៃ ក្រោយពីស្រូវចេញផ្កាស្រុះ ម្យ៉ាងទៀតគេសម្គាល់ស្រូវទុំល្មមច្រូតកាត់បាន ដោយសម្គាល់ទៅលើគ្រាប់ស្រូវមានពណ៌ដូចមាស ឬក៏គេសម្គាល់មើលទៅលើកួរស្រូវ ប្រសិនបើវាទុំពីចុងកួរស្រូវបាន ៨៥ ភាគរយ ហើយសំណើមនៃគ្រាប់ស្រូវមានពី ២០-២៤ ភាគរយ ដូចនេះការច្រូតកាត់មិនបាត់បងទិន្នផល ហើយអង្ករពេលកិនស្រឡូនល្អ ។ បើច្រូតកាត់ពេលស្រូវទុំជ្រុលពេក ធ្វើឲ្យស្រូវបាក់ក ចាបស៊ីជ្រុះ ដុះ ធ្វើឲ្យទិន្នផលចុះទាប និងគុណភាពអង្ករបាក់ច្រើន ។ ការច្រូតកាត់ឆាប់ពេកអាចធ្វើឲ្យទិន្នផលថយចុះ ដែលបណ្តាលមកពីគ្រាប់ស្រូវមិនទាន់ទុំល្អ ។ មុនពេលច្រូតកាត់ បើសិនមានទឹកក្នុងស្រែ យើងត្រូវធ្វើការបញ្ចេញទឹកចុងក្រោយឲ្យបាន ២-៣ អាទិត្យ មុនពេលច្រូតកាត់ធ្វើឲ្យស្រូវឆាប់ទុំ និងងាយស្រួលដល់ការច្រូតកាត់ ។ ក្នុងការច្រូតកាត់ដោយដៃជាមធ្យមដើម្បីច្រូតបានមួយហិកតា គេត្រូវការអ្នកច្រូតពី ២០-៣០នាក់ ក្នុងមួយថ្ងៃ ។៦.៣.៦.១. ការបោកបែន
ការបោកបែនមាន ៣ យ៉ាង គឺការបោកបែនដោយកម្លាំងមនុស្ស ការបញ្ជាន់ដោយគោក្របី ឬត្រាក់ទ័រ និងការបោកបែនដោយម៉ាស៊ីនបោក ដោយឡែកការបោកបែនដោយម៉ាស៊ីនបោក សំបកធុងទ្រដោយសាក់ស៊ីកង់បួនអូសដោយម៉ាស៊ីន ១០-១២ សេះ អាចបោកជាមធ្យម ១០ បាវ គ្រាប់ស្រូវក្នុងមួយម៉ោង (សូមមើលជំពូកទី ១០) ។៦.៣.៦.២. ការរោយសម្អាត
បន្ទាប់ពីការបោកបែនរួច ត្រូវដកយកចេញនូវកម្ទេចកម្ទីផ្សេងៗ ដែលនៅលាយឡំនៅជាមួយនឹងគ្រាប់ស្រូវ ដែលបណ្តាលឲ្យមានឥទ្ធិពលមិនល្អ នៅពេលស្តុកគ្រាប់ និងគុណភាពអង្ករ ។៦.៣.៧. កត្តារាំងស្ទះ
ជាទូទៅផលិតកម្មដំណាំស្រូវ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើធម្មជាតិ ដូចនេះហើយទើបជារៀងរាល់ឆ្នាំប្រជាកសិករតែងជួបប្រទះនឹងគ្រោះ ធម្មជាតិផ្សេងៗ ដូចជា ទឹកជំនន់ ការរាំងស្ងួត ឬសត្វល្អិតបំផ្លាញ ៘ (សូមមើលចំណុច ៦.២.៣) ។ កត្តាដែលធ្វើឲ្យរាំងស្ទះមាន ៖- ខ្វះប្រព័ន្ធស្រោចស្រព ប្រឡាយ ភ្លឺស្រែ ទំនប់ អាងទឹក សំណង់ស្ទាក់ទឹកតូចធំ
- ខ្វះមធ្យោបាយសម្ភារៈឧបករណ៍កសិកម្ម ប្រើកម្លាំងអូសទាញដោយគោក្របី
- ខ្វះការគ្រប់គ្រងដឹកនាំ (ជាក្រុម ក្លឹប សមាគម សហគមន៍ បុរេសហគមន៍)
- ប្រជាកសិករធ្វើស្រែទៅតាមទម្លាប់បុរាណ
- ដីខ្សត់ខ្សោយជីជាតិ
- ខ្វះចំណេះដឹង (មិនចេះអក្សរ) ខ្វះបច្ចេកទេសដាំដុះ
- ខ្វះទុនផលិតកម្ម ឥណទាន…
- ដីស្រែស្ទើរទាំងអស់មិនទាន់រៀបចំឲ្យបានសមស្របនៅឡើយ
- ខ្វះទីផ្សារកសិផល តម្លៃកសិផលនៅទាប (ផ្អែកលើឈ្មួញកណ្ដាលជាអ្នកកំណត់តម្លៃ)
- ខ្វះការកែច្នៃផលិតគុណភាពផលិតផល
- មិនមានបទដ្ឋាន (Standard) តាមទីផ្សារអន្តរជាតិ
- ដាក់ឲ្យតាមលក្ខណៈបច្ចេកទេសនូវកសិផលដែលទទួលបាន និងពូជដំណាំ
- ពុំទាន់មានគម្រោងវិនិយោគលើមុខដំណាំ ដើម្បីបង្កើនផលិតភាពក្នុងស្រុក ។
៦.៣.៨. ពូជអនុសាសន៍
ពូជដែលល្អសម្រាប់ធ្វើការដាំដុះ នៅក្នុងលក្ខខណ្ឌស្រែដែលរំពឹងទឹកភ្លៀងទាំងស្រុង គឺពូជដែលបានរំដោះដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលមានកម្ពស់ដើមដង អាយុកាលសមស្របទៅនឹងបរិស្ថានដាំដុះ និងមានទិន្នផលខ្ពស់ប្រកបទៅដោយគុណភាពល្អ សម្រាប់ប្រជាកសិករខ្មែរធ្វើការជ្រើសរើស ៖៦.៣.៨.១. ប្រភេទស្រូវស្រាល ជាពូជស្រូវស្រាលមិនប្រកាន់រដូវ
នៅក្នុងក្រុមពូជស្រូវស្រាលអវេទរសទៅនឹងរយៈពន្លឺមាន ពូជអ៊ីអ៊ែរ៦៦ អ៊ីអ៊ែរ៧២ គ្រូ អ៊ីអ៊ែរកេសរ ជលសារ រហាត់ និងពូជក្រអូបសែនពិដោរ ។៦.៣.៨.២. ប្រភេទស្រូវកណ្តាល
ចំពោះប្រភេទស្រូវកណ្តាលមានពីរប្រភេទ ៖ក. ពូជអវេទរសទៅនឹងរយៈពន្លឺ ឬពូជមិនប្រកាន់រដូវ: នៅក្នុងក្រុមពូជស្រូវកណ្តាលអវេទរសទៅនឹងរយៈពន្លឺមាន ពូជសន្តិភាព១ សន្តិភាព២ សន្តិភាព៣ ពពូល និងសារិកា ។
ខ. ពូជវេទរសទៅនឹងរយៈពន្លឺ ឬពូជប្រកាន់រដូវ: នៅក្នុងក្រុមពូជស្រូវកណ្តាល វេទរសទៅនឹងរយៈពន្លឺមាន ពូជរាំងជ័យ ខា១ ខា២ ខា៣ និងខា១១ ។
គ. ពូជក្រអូបវេទរសទៅនឹងរយៈពន្លឺ: នៅក្នុងក្រុមពូជស្រូវកណ្តាល ក្រអូបវេទរសទៅនឹងរយៈពន្លឺមាន ពូជក្រអូប ផ្ការំចេក ផ្ការំចង់ ផ្ការំដួល ផ្ការំដេង និងពូជក្រអូបផ្ការមៀត ។
៦.៣.៨.៣. ប្រភេទស្រូវធ្ងន់
នៅក្នុងក្រុមពូជស្រូវកណ្តាល វេទរសទៅនឹងរយៈពន្លឺ មានពូជ ខា៤ ខា៥ ខា៦ ខា៧ ខា៨ ខា៩ ខា១២ និងខា១៣ ។៦.៣.៩. ស្រូវដើមរដូវ
មុនឆ្នាំ១៩៩០ កសិករកម្ពុជាដាំដុះដំណាំស្រូវតែម្តងគត់ នៅក្នុងក្សេត្របរិស្ថានទំនាបអាស្រ័យរបបទឹកភ្លៀង ។ ប៉ុន្តែចាប់ពីឆ្នាំ១៩៩១-១៩៩៣ មកដោយមានការជីកអណ្តូងក្រោមដី ដើម្បីយកទឹកមកស្រោចស្រពដំណាំបានធ្វើឲ្យរុក្ខជម្រើសវិទូ និងក្សេត្រវិទូ សាកល្បងប្រព័ន្ធដាំដុះដំណាំស្រូវពីរដងក្នុងមួយរដូវវស្សា ។ ពូជស្រូវស្រាលបានដាំដុះក្នុងខែមេសា ដោយប្រើប្រាស់ទឹកក្រោមដីស្រោចស្រព រហូតដល់មានភ្លៀងធ្លាក់ក្នុងខែឧសភា ហើយធ្វើការច្រូតកាត់ក្នុងអំឡុងពាក់កណ្តាលខែកក្កដា និងខែសីហា ដែលក្នុងអំឡុងពេលនេះ ជាទូទៅគឺជាកូនរដូវប្រាំងមួយ ។ ដំណាំស្រូវដែលដាំនៅក្នុងលក្ខខណ្ឌនេះ គឺជាដំណាំស្រូវដើមរដូវ ។ បន្ទាប់ពីការច្រូតកាត់បានកន្លះខែមកទើបចាប់ផ្តើមស្ទូងស្រូវ វស្សា ។៦.៤. ប្រព័ន្ធក្សេត្របរិស្ថានស្រូវឡើងទឹក
៦.៤.១. បរិស្ថានដាំដុះ
នាទសវត្សរ៍ទី៦០ ផ្ទៃដីដាំដុះដំណាំស្រូវឡើងទឹកមានប្រមាណ ៤សែនហិកតា ស្មើនឹង ១៦ ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែនាពេលបច្ចុប្បន្នផ្ទៃដីដាំដុះស្រូវឡើងទឹកមាន ១.៥ ភាគរយប៉ុណ្ណោះ (ក្រសួងកសិកម្ម ២០០៥) ។ ការថយចុះផ្ទៃដីទាំងនោះ គឺដោយសារដំណាំស្រូវឡើងទឹក គឺជាដំណាំយថាផលមានន័យថាដាំដុះដោយពឹងផ្អែកលើកត្តាធម្មជាតិ ទាំងស្រុង បើសិនជាកត្តាធម្មជាតិមិនអំណោយទេនោះផលដំណាំនឹងខូចខាតទាំងស្រុង ។ ម្យ៉ាងវិញទៀត ដោយសារតែកត្តាធម្មជាតិមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យកសិករមួយចំនួនបានផ្លាស់ប្តូរពីដំណាំស្រូវឡើងទឹក មកជាដំណាំស្រូវរដូវប្រាំង ឬក៏ជាដំណាំស្រូវប្រដេញទឹកវិញ ។ តំបន់ដាំដុះដំណាំស្រូវឡើងទឹកទាំងនេះ គឺស្ថិតនៅក្នុងខេត្តដែលស្ថិតនៅជាប់បឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គ ។ ក្នុងឆ្នាំ២០០៤-២០០៥ តំបន់ស្រូវឡើងទឹក គឺមានច្រើនស្ថិតនៅក្នុងខេត្តកំពង់ធំ (២២.១៦៧ ហ.ត) ខេត្តបន្ទាយមានជ័យ (២៤.៤៤២ ហ.ត) ខេត្តបាត់ដំបង (១៤.៦៥៩ ហ.ត) ខេត្តពោធិ៍សាត់ (១១.៨៦៥ ហ.ត) ខេត្តសៀមរាប តាកែវ កណ្តាល និងកំពង់ឆ្នាំង គឺមានផ្ទៃដីដាំដុះស្រូវឡើងទឹកប្រហាក់ប្រហែលគ្នាចាប់ពី ១០០០-៨០០០ហិកតា ក្នុងខេត្តនីមួយៗ ។ ដោយឡែកខេត្ត ស្វាយរៀង ព្រៃវែង កំពត កំពង់ចាម ភ្នំពេញ និងស្ទឹងត្រែង មានផ្ទៃដីដាំដុះស្រូវឡើងទឹកតិចជាង ១០០០ហិកតា ។ ស្រូវឡើងទឹកទាំងនោះត្រូវបានគេដាំដុះនៅតំបន់ស្រែទំនាប ដែលមានជម្រៅទឹកចាប់ពី ៥០ ស.ម ឬលើសពីនេះ ហើយនៅកន្លែងខ្លះទៀតជម្រៅទឹកអាចមានរហូតដល់ទៅ ៤ ម៉ែត្រ ។ ជម្រៅទឹកដែលមាននៅក្នុងស្រែទាំងនេះគឺទទួលបានមកពីការជន់ឡើងពី បឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ នៅរដូវភ្លៀងធ្លាក់ ។៦.៤.២. វិធីសាស្ត្រដាំដុះ
៦.៤.២.១. ការរៀបចំដី និងពេលវេលាដាំដុះ
ការអនុវត្តលើដំណាំស្រូវឡើងទឹក គឺមានលក្ខណៈសាមញ្ញ ហើយប្រើប្រាស់អស់ទុនតិចបំផុត បើធៀបទៅនឹងប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវដទៃផ្សេងទៀត ។
ក. ការរៀបចំដីតាមរបៀបកសិករ
ជាទូទៅ កសិករតែងចាប់ផ្តើមដុតចំបើង
និងគល់ជញ្ជ្រាំងដែលមានសេសសល់នៅក្នុងស្រែ
បន្ទាប់ពីលែងសត្វពាហនៈឲ្យចូលស៊ីរួចមក
ហើយការដុតនេះច្រើនធ្វើឡើងនៅរវាងខែកុម្ភៈ និងដើមខែមេសា ។
ចំពោះការរៀបចំដី
គឺគេចាប់ផ្តើមភ្ជួររាស់នៅពេលដែលមានភ្លៀងធ្លាក់ដំបូង
ហើយការភ្ជួររាស់គេធ្វើឡើងមួយដង ឬពីរដង
បន្ទាប់មកគេចាប់ផ្តើមព្រោះគ្រាប់ពូជស្ងួត ។
សម្រាប់ខេត្តដែលស្ថិតនៅប៉ែកខាងត្បូងរួមមាន ខេត្តតាកែវ ព្រៃវែង
និងខេត្តកណ្តាល ពេលវេលាដាំដុះគឺចាប់ផ្តើមនៅចុងខែមេសា
រហូតដល់ខែឧសភា ឯខេត្តដែលស្ថិតនៅប៉ែកពាយ័ព្យ ដូចជា ខេត្តបាត់ដំបង
បន្ទាយមានជ័យ និងខេត្តសៀមរាប គឺចាប់ផ្តើមពីដើមខែឧសភា
រហូតដល់ពាក់កណ្តាលខែមិថុនា ។
ខ. ការរៀបចំដីតាមបែបលក្ខណៈបច្ចេកទេស
ការរៀបចំស្រែគឺត្រូវរៀបចំឲ្យបានស្មើល្អ ដោយធ្វើការភ្ជួរ
និងរាស់ស្រែ ២ ឬ៣ដង
ដើម្បីសម្រួលដល់ការដុះលូតលាស់របស់រុក្ខជាតិចង្រៃ និងកម្ចាត់វា ។
ការភ្ជួរគឺយើងត្រូវភ្ជួរវានៅជម្រៅពី ២០ ទៅ ២៥ ស.ម
រួចរាស់វាយបំបែកដីឲ្យបានម៉ត់ល្អ បន្ទាប់មកយើងហាលដីរយៈពេលពី ៧
ទៅ ១០ថ្ងៃ ដើម្បីទុកឲ្យស្មៅ និងគ្រាប់ពូជផ្សេងៗទៀតដុះ
រួចធ្វើការភ្ជួររាស់ដីម្តងទៀត និងពង្រាបដីឲ្យស្មើល្អ
និងមានលក្ខណៈឯកសណ្ឋាន ។ ចំពោះការដាំដុះទាន់ពេលវេលា
គឺជាបំណងប្រាថ្នាសម្រាប់ដំណាំ ដែលលូតលាស់ល្មម
ទាន់ពេលដែលទឹកជំនន់មកដល់ ព្រោះដើមសំណាបដែលចាស់
គឺវាមានការលូតលាស់ល្អ និងធន់ទ្រាន់ទៅនឹងទឹកជំនន់
ជាងដើមស្រូវដែលទើបនឹងដាំ ។ ទឹកជំនន់បានចាប់ផ្តើមឡើង
នៅពេលដែលស្រូវមានការអភិវឌ្ឍពេញលេញ យ៉ាងហោចណាស់ក៏មានអាយុពី ៤-៦
អាទិត្យដែរ ដើម្បីមានលទ្ធភាពពន្លូតដើមល្អប្រសើរ (Catling 1992) ។៦.៤.២.២. ការពង្រោះគ្រាប់ពូជ
ការពង្រោះគ្រាប់ពូជស្រូវឡើងទឹក ជាទូទៅនៅតំបន់ដែលមានដីជម្រាលទាបជាងគេ គឺគេធ្វើការពង្រោះមុន ព្រោះកន្លែងដែលដីជម្រាលទាបនោះ ទឹកវាចាប់ផ្តើមលិចមុន ហើយការប្រើប្រាស់គ្រាប់ពូជជាមធ្យម គឺគេប្រើអស់ពី ១២០-២០០គីឡូក្រាម ប៉ុន្តែអាចតិចជាង ឬច្រើនជាងនេះអាស្រ័យទៅតាមតំបន់នីមួយៗ និងលក្ខខណ្ឌស្រែដែលការពង្រោះគ្រាប់បានត្រូវអនុវត្ត ។ នៅតំបន់ខ្លះគេកប់គ្រាប់ពូជទៅក្នុងដី តាមរយៈការភ្ជួរឬរាស់លុប ។ ការភ្ជួរឬរាស់លុបនេះ គឺបានធ្វើឲ្យប្រសើរនូវរចនាសម្ព័ន្ធរបស់ដី និងធ្វើឲ្យប្រព័ន្ធឫសនៃស្រូវមានការដុះលូតលាស់បានល្អ ។ មធ្យោបាយនេះ យើងក៏អាចការពារគ្រាប់ពូជបានពីការបំផ្លាញពីពពួកសត្វចង្រៃ ដូចជា ចាប និងសត្វកណ្តុរជាដើម ៘ គ្រាប់ពូជចាប់ផ្តើមដុះលូតលាស់ល្អក្នុងរយៈពេល ២-៣ថ្ងៃ បន្ទាប់ពីព្រោះ ឬក៏អាចពន្យាពេលរហូតទៅដល់ ១សប្ដាហ៍ អាស្រ័យទៅនឹងទឹកភ្លៀង ។៦.៤.២.៣. ការប្រមូលផល
ចំពោះខេត្តនៅភាគខាងត្បូងប្រទេស ការប្រមូលផលចាប់ផ្តើមនៅចុងខែធ្នូ រហូតដល់ចុងខែកុម្ភៈ ។ ដោយឡែក ចំពោះខេត្តដែលនៅភាគខាងជើង ការប្រមូលផលចាប់ផ្តើមចាប់ពីចុងខែមករា រហូតដល់ដើមខែមីនា ហើយស្រូវដែលស្ថិតនៅក្នុងកន្លែងដែលមានដីខ្ពស់ជាងគេ ត្រូវបានគេប្រមូលផលមុនគេ ។ ការប្រមូលផលមានភាពងាយស្រួលនៅពេលដែលទឹកស្រកចុះទាំងអស់ពីស្រែ ។ ការទុំរបស់គ្រាប់ជាញឹកញាប់តែងតែកើតឡើងក្នុងពេលដំណាលគ្នាជាមួយនឹង ដំណើរស្រករបស់ទឹក ហើយជាទូទៅ ស្រូវត្រូវបានគេប្រមូលផលក្នុងស្ថានភាពស្រែស្ងួត ។ ភាពរាំងស្ងួតបន្ទាប់ពីការស្រកចុះរបស់ទឹក អាចកើតឡើងជាបន្តបន្ទាប់ក្នុងតំបន់ស្រែដែលលិចទឹកជ្រៅៗ ។ ពូជដែលដាំដុះនៅតាមតំបន់ខ្ពស់ ការទុំរបស់វាមានលក្ខណៈលឿនជាងការដាំដុះនៅតាមតំបន់ទំនាប ។៦.៤.២.៤. ការប្រតិបត្តិក្រោយពេលប្រមូលផល
ការប្រតិបត្តិការងារក្រោយពេលប្រមូលផល គឺមានសារសំខាន់ណាស់ទៅលើគុណភាពគ្រាប់ ។ បន្ទាប់ពីការប្រមូលផលរួច ធ្វើការបោកបែននឹងហាលសម្ងួតគ្រាប់ឲ្យបានស្ងួតល្អ ដោយរក្សាសំណើមគ្រាប់ពី ១២ ទៅ ១៤ ភាគរយ រួចរោយសម្អាតគ្រាប់ឲ្យបានស្អាតល្អ ហើយច្រកទុកក្នុងបាវ រួចទុកដាក់ក្នុងឃ្លាំង ដោយរៀបដាក់លើកំណល់ឲ្យបានត្រឹមត្រូវ ជៀសវាងទុកផ្ទាល់នឹងឥដ្ឋ ដែលបណ្តាលឲ្យសត្វល្អិតងាយបំផ្លាញ និងធ្វើឲ្យងាយជក់ឡើងនៃសំណើម ដែលជាហេតុបណ្តាលឲ្យឆាប់ពុកគ្រាប់ និងធ្វើឲ្យគ្រាប់ស្រូវឆាប់ថយចុះនូវគុណភាព ។៦.៤.៣. កត្តារាំងស្ទះ
៦.៤.៣.១. កម្រិតទឹកឡើងលឿនពេក
ការកើនឡើងជាបន្តបន្ទាប់របស់ទឹក បានធានាដល់ការរស់រានមានជីវិតរបស់ពូជដំណាំជាច្រើន ដែលមានលទ្ធភាពនៃការពន្លូតដើម ។ ប្រសិនបើកម្រិតទឹកកើនឡើងយ៉ាងលឿន ហើយនៅតែបន្តរហូតនោះ អាចធ្វើឲ្យលិចលង់ដល់ដំណាំ ទោះបីជាពូជនោះមានលទ្ធភាពពន្លូតដើមល្អយ៉ាងណាក៏ដោយ ។ ហើយការលិចទឹកនេះ បានធ្វើឲ្យមានភាពរំខានដល់ការលូតលាស់របស់ដំណាំស្រូវ និងធ្វើឲ្យភាពរឹងមាំរបស់ដំណាំ កាន់តែចុះខ្សោយបន្តិចម្តងៗក្នុងដំណាក់កាលលូតលាស់ និងកាត់បន្ថយការបែកគុម្ព ហើយពន្យាពេលការផុសចេញពីទឹករបស់កួរ នៅក្នុងដំណាក់កាលកំណរកំណើតកួរ រហូតដល់ដំណាក់កាលចេញកួរ ។ ដោយហេតុនេះហើយ ទើបវាបណ្តាលឲ្យកើតមាននូវនិប្ផលភាព (អារ) នៃកន្សោមផ្កា (Vergara, 1985) ។ ការលិចទឹកក្នុងដំណាក់កាលចេញផ្កា អាចនឹងធ្វើឲ្យស្រូវខូចខាត និងមានផលប៉ះពាល់ទាំងស្រុងទៅលើទិន្នផលគ្រាប់ ជាពិសេសបើការលិចនេះមានរយៈកាលចាប់ពី ៣អាទិត្យឡើងទៅ (Catling, 1992) ។៦.៤.៣.២. ការស្រកចុះរបស់ទឹក
ការស្រកចុះរបស់ទឹក ជាទូទៅមានល្បឿនលឿន ប៉ុន្តែពុំមានបញ្ហាអ្វីធ្ងន់ធ្ងរដល់ដំណាំស្រូវទេ ។ ជាញឹកញយការស្រកទឹក គឺកើតឡើងនៅពេលដំណាលគ្នា ជាមួយនឹងការទុំរបស់ដំណាំស្រូវ ។ ការស្រកចុះរបស់ទឹកនៅពេលដំណាលគ្នាជាមួយនឹងពេលស្រូវទុំនេះហើយ គឺយើងពិនិត្យឃើញថា វាផ្តល់ភាពងាយស្រួលដល់ពេលយើងប្រមូលផល ប៉ុន្តែវាក៏បានបង្កផលវិបាកផងដែរ ទៅលើការថយចុះនៃគុណភាពគ្រាប់ស្រូវ ដោយសារការស្រកចុះរបស់ទឹកបានធ្វើឲ្យដើមស្រូវដួលទៅនឹងភក់ ដែលធ្វើឲ្យគ្រាប់ស្រូវមួយចំនួន បានប្រឡាក់លាយឡំជាមួយភក់ ហើយគ្រាប់ខ្លះមានដំណេកខ្លី អាចងាយដុះពន្លកឡើងវិញ ។៦.៤.៣.៣. កត្តាសត្វល្អិត និងកត្តាចង្រៃផ្សេងៗ
នៅក្នុងវដ្តជីវិតរបស់ដំណាំស្រូវឡើងទឹក ការបំផ្លាញធំជាងគេគឺបណ្តាលមកពីសត្វបក្សីឈ្មោះខ្លុំ ដែលអាចធ្វើឲ្យទិន្នផលមានការថយចុះ ដោយសត្វនេះដើរទន្ទ្រាំទៅលើដំណាំស្រូវ ហើយកាត់ដើមស្រូវដើម្បីធ្វើសម្បុកថែមទៀតផង ។ ផ្ទុយទៅវិញបញ្ហាស្មៅ សត្វល្អិតចង្រៃ និងជំងឺ មិនមែនជាកត្តាព្រួយបារម្ភដ៏សំខាន់នោះទេ នៅក្នុងប្រព័ន្ធបរិស្ថានដំណាំស្រូវឡើងទឹក ទោះបីជាពូជស្រូវខ្លះមានការលូតលាស់រយៈពេលវែងក៏ដោយ ។ នៅក្នុងអំឡុងមុនពេលទឹកជំនន់ចូល សំណើមដីស្រែមានទាប ហើយដង់ស៊ីតេដំណាំស្រូវក៏ទាបដែរ ដូច្នេះលក្ខណៈទាំងអស់នេះមិនបានបង្កលក្ខណៈងាយស្រួល ដល់ការកកើតឡើងនូវពពួកសត្វល្អិតចង្រៃនោះទេ ហើយចំពោះស្មៅចង្រៃវិញ យើងអាចធ្វើការសម្អាតបានគឺនៅមុនពេលទឹកជំនន់មកដល់ ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលទឹកជំនន់បានមកដល់នោះ ក៏វាមិនបានបង្កលក្ខណៈងាយស្រួលដល់សត្វល្អិតចង្រៃភាគច្រើននោះដែរ (Catling, 1992) ។ ប៉ុន្តែដោយឡែក សត្វកណ្តុរក៏អាចបណ្តាលឲ្យមានការបាត់បង់នូវទិន្នផលបន្ថែមទៀត ជាពិសេសនៅក្នុងអំឡុងពេលដែលមានទឹកជំនន់ រួមទាំងមានការចាប់សត្វពស់ និងទាំងការលិចទឹកនៃព្រៃលិចទឹកដែលជាជម្រករបស់សត្វកណ្តុរផង (Seng et al.,1988) ។៦.៤.៣.៤. ការទុកដាក់ក្រោយពេលប្រមូលផល
បញ្ហាមួយដ៏ធំទៀតនោះ គឺបញ្ហាទុកដាក់ក្រោយពេលប្រមូលផល ។ យើងដឹងហើយថាការទុកដាក់ក្រោយពេលប្រមូល គឺមានសារសំខាន់ណាស់ បើយើងរៀបចំទុកដាក់ដោយមិនបានប្រើកំណល់ត្រឹមត្រូវទេ វាអាចធ្វើឲ្យគ្រាប់ស្រូវឆាប់ខូច ដោយសារការជប់នូវសំណើមឡើង ។ លើសពីនេះទៅទៀត វាធ្វើឲ្យងាយរងនូវការបំផ្លាញរបស់សត្វល្អិតទៀតផង ។៦.៤.៤. ការជ្រើសរើសពូជ
ការជ្រើសរើសពូជស្រូវ គឺមានលក្ខណៈសំខាន់ណាស់ សម្រាប់ផលិតកម្មដំណាំស្រូវឡើងទឹក ។ កាលពីមុនសម័យសង្គ្រាម យើងមានពូជស្រូវឡើងទឹកល្អៗជាច្រើន ដូចជា ពូជស្រូវបីថ្នោល ពូជស្រូវកន្លងភ្នំ ពូជស្រូវនាងក្រញ៉ុល ៘ ពូជស្រូវទាំងនេះ គឺជាពូជស្រូវធ្ងន់ ហើយវេទរសទៅនឹងរយៈពន្លឺ (ពូជស្រូវប្រកាន់រដូវ) ។ ចាប់តាំងពីសម័យសង្គ្រាមមក ពូជស្រូវទាំងនេះ មានពូជខ្លះក៏បាត់បង់ទាំងស្រុង ហើយពូជខ្លះទៀត ក៏ស្ទើតែនឹងបាត់បង់ផងដែរ ។ តែទោះជាយ៉ាងណាក៏ដោយ ពូជស្រូវដែលនៅសល់ក៏វាពុំមានភាពសុទ្ធល្អ ដែលជាហេតុធ្វើឲ្យយើងទទួលបាននូវទិន្នផលទាប ។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៨៩ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាពិសេសកម្មវិធីរុក្ខជម្រើសវិទ្យាបានខិតខំប្រឹងប្រែងស្រាវជ្រាវទៅ លើដំណាំស្រូវ ហើយក៏បានរំដោះពូជស្រូវបានចំនួន ៣៧ពូជ ដោយគណៈកម្មាធិការជាតិអនុសាសន៍ពូជដំណាំ ។ ក្នុងចំណោមពូជស្រូវទាំង ៣៧ពូជ ក្នុងនោះរួមមានពូជស្រូវឡើងទឹកប្រកាន់រដូវចំនួន ៣ពូជ គឺពូជស្រូវ ដូន ទេវតា និងខាវតាពេជ្រ (Men Sarom et al.,2001b) (តារាង ៦.២) ដែលសមស្របទៅបរិស្ថានដាំដុះតំបន់នោះ ហើយប្រើប្រាស់គ្រាប់ពូជអស់តិច គឺពី ៦០ ទៅ ៨០ គ.ក ក្នុង ១ហិកតា ហើយទទួលបានទិន្នផលខ្ពស់ទៀតផង ។៦.៥. ប្រព័ន្ធក្សេត្របរិស្ថានស្រូវចម្ការ
៦.៥.១. បរិស្ថានដាំដុះ
ស្រូវចម្ការ គឺជាប្រភេទស្រូវដែលជាទូទៅត្រូវបានដាំនៅក្នុងស្រែដែលគ្មានភ្លឺ តាមទីជម្រាល ទីទួលនៅលើដីកោះ និងតាមដីចម្ការមួយចំនួន ហើយពឹងផ្អែកទាំងស្រុងទៅនឹងរបបទឹកភ្លៀងនៅក្នុងតំបន់ ។ តំបន់ដាំស្រូវចម្ការខ្លះទៀត ត្រូវបានគេដាំនៅក្នុងព្រៃ តាមចង្កេះភ្នំ ដោយធ្វើការកាប់ឆ្ការព្រៃ និងដុតសម្អាតចោល ទើបធ្វើការបុកដាំស្រូវជាក្រោយ ។ បន្ទាប់ពីដាំស្រូវបានរយៈពេលពីរ ទៅប្រាំឆ្នាំ ដីខ្សោះជីជាតិ ទើបគេធ្វើការផ្លាស់ប្តូរទៅដាំនៅកន្លែងផ្សេងទៀត ។ ក្រោយពេលទុកដីចោល ជាច្រើនឆ្នាំទើបវិលមកធ្វើនៅលើកន្លែងចាស់វិញ ការដាំស្រូវចម្ការតាមរបៀបនេះ ត្រូវបានគេឲ្យឈ្មោះថា កសិកម្មពនេចរ (Shifting Cultivation) ។ អ្នកអនុវត្តន៍កសិកម្មពនេចរភាគច្រើនជាជនជាតិភាគតិច ។ នៅក្នុងខេត្តរតនគីរី ក្រុមជនជាតិភាគតិចដែលមានការជាប់ពាក់ព័ន្ធនៅក្នុងការធ្វើកសិកម្ម ពនេចរនេះ មានដូចជា ព្នង ក្រាវិត ក្រៀង ព្រៅ ទុំពុន ឡាវ ស្គួយ ស្ទៀងង និងពួករូត ។ នៅក្នុងខេត្តក្រចេះ ទាំងក្រុមជនជាតិភាគតិចដូចជា ព្នង សំរែ កួយ និងស្ទៀង និងជនជាតិខ្មែរជាច្រើនបានធ្វើការដាំដុះស្រូវចម្ការនេះផងដែរ ។ នៅក្នុងខេត្តសៀមរាប និងក្រុងព្រះសីហនុ អ្នកដែលធ្វើកសិកម្មពនេចរ គឺជាជនជាតិខ្មែរ ។ ក្រុមជនជាតិភាគតិចនៅតាមតំបន់ខ្ពស់ៗ គឺមានការប្តូរផ្តាច់យ៉ាងមុតមាំទៅលើជំនឿរបស់ពួកគេ ទាក់ទងទៅនឹងការធ្វើកសិកម្មពនេចរនេះ (Javier, 1997) ។ ក្រៅពីនេះទៀតបរិស្ថានដាំដុះស្រូវចម្ការ គេប្រទះឃើញជាច្រើនទៀត នៅតាមតំបន់ភ្នំ ប្រភេទស្រូវចម្ការ ដែលដាំនៅតាមតំបន់ភ្នំត្រូវបានគេស្គាល់ និងហៅថាស្រូវភ្នំ បរិស្ថានដាំដុះស្រូវចម្ការមានទំហំតូច បើប្រៀបធៀបទៅនឹងទំហំដីស្រែសរុបនៅក្នុងប្រទេសកម្ពុជា ។ នាឆ្នាំ២០០៥ ផ្ទៃដីដាំដុះស្រូវចម្ការមាន ២ ភាគរយ នៃផ្ទៃដីសរុប ២,៤៤ លានហិកតា (សូមមើលតារាង ៦.១) ខេត្តដែលដាំដុះច្រើនជាងគេគឺមានខេត្តរតនគិរី កំពង់ចាម និងខេត្តសៀមរាប ។ ទន្ទឹមនឹងនេះស្រូវចម្ការក៏មានដាំដុះនៅក្នុងខេត្តដទៃទៀតដែរ ដូចជាខេត្តមណ្ឌលគិរី កំពង់ធំ កោះកុង ព្រះវិហារ ស្ទឹងត្រែង កណ្តាល និងខេត្តកំពត ។ ខេត្តរតនគីរី និងខេត្តមណ្ឌលគិរី មានប្រព័ន្ធបរិស្ថានល្អជាងគេចំពោះដំណាំស្រូវចម្ការ ។ កាលពីមុនតំបន់ដាំដុះ ស្រូវចម្ការនៅក្នុងខេត្តទាំងពីរនេះ មានចំនួនច្រើនជាងពីរដង ធៀបទៅនឹងតំបន់ដាំដុះស្រូវចម្ការនៅតាមបណ្តាខេត្តផ្សេងៗ ។ កសិករម្នាក់ៗអាចមានដីធ្វើស្រែចម្ការចាប់ពី ១-២ កន្លែង ហើយទំហំរបស់ស្រែនីមួយៗមានចាប់ពី ០,១-៣ ហិកតាដែលអាចមានទីតាំងស្ថិតនៅចម្ងាយប្រហែលពី ១-១០ គ.ម ពីផ្ទះរបស់ពួកគេ ។ ស្រែស្រូវចម្ការ ជាទូទៅស្ថិតនៅឆ្ងាយជាងស្រែដទៃទៀត ជាទូទៅមានចម្ងាយយ៉ាងហោចណាស់ក៏ ១ គ.ម ដែរ ។ ស្រែចម្ការ កម្រនឹងមានទីតាំងស្ថិតនៅជិតស្រែតំបន់ទំនាបណាស់ ។ ប្រព័ន្ធបរិស្ថានដំណាំស្រូវចម្ការ គឺមានភាពខុសគ្នាៗ ថ្វីត្បិតតែតំបន់ដាំដុះនោះមានទំហំតូចៗយ៉ាងណាក៏ដោយ ។ ភាពខុសគ្នាទាំងនេះ គឺបណ្តាលមកពីលក្ខខណ្ឌដាំដុះនៅក្នុងបរិស្ថានផ្សេងៗគ្នា ។ ភាពខុសៗគ្នានៃកត្តាបរិស្ថាន គឺបណ្តាលមកពីការប្រែប្រួលកម្ពស់ទឹកភ្លៀង សំណើមបរិយាកាស រយៈពន្លឺសីតុណ្ហភាព និងប្រភេទដី ។ ភាពខុសគ្នានៃកត្តាបរិស្ថានទាំងនេះ បណ្តាលមកពីបរិស្ថានស្ថិតនៅរយៈកម្ពស់ ផ្សេងៗពីគ្នាពី ២០០ម – ១០០០ម ធៀបនឹងកម្ពស់ទឹកសមុទ្រ (Sea level) ។បរិស្ថានតាមតំបន់មានរយៈកម្ពស់ខ្ពស់ធៀបនឹងកម្ពស់ទឹកសមុទ្រ ជាទីកន្លែងដែលមានសីតុណ្ហភាពប្រចាំថ្ងៃទាប ។ បរិស្ថាននៅតាមតំបន់ខ្លះ មានលក្ខណៈអំណោយផលខ្លាំងដល់ការដាំដុះស្រូវចម្ការ ដោយសារតំបន់នោះមានរបបទឹកភ្លៀងគ្រប់គ្រាន់ ហើយតំបន់ខ្លះទៀតដែលជួបប្រទះនឹងភាពរាំងស្ងួត គឺត្រូវការជាចាំបាច់នូវពូជស្រូវដែលមានភាពធន់ទ្រាំទៅនឹង ភាពរាំងស្ងួត ឬពូជដែលឆាប់រើបរស់រានឡើងវិញ (Drought Recovery) នៅពេលដែលមានរបបទឹកសមស្របបន្ទាប់ពីជួបនឹងភាពរាំងស្ងួត មួយរយៈកន្លងមក ។
៦.៥.២. វិធីសាស្ត្រដាំដុះ
៦.៥.២.១. ការរៀបចំដី
ការរៀបចំដីសម្រាប់ដាំដុះស្រូវចម្ការ គឺអាស្រ័យទៅតាមទីកន្លែងដាំដុះ ។ នៅតាមតំបន់ដីទីទួល ដីលើកោះ ឬនៅតាមដីចម្ការជាអចិន្ត្រៃយ៍ កសិករធ្វើការភ្ជួររាស់សម្អាតដីដូចគ្នានឹងការរៀបចំដីធ្វើស្រែនៅ តាមតំបន់ទំនាបអាស្រ័យដោយរបបទឹកភ្លៀងផងដែរ ។ ជាទូទៅ គេរៀបចំដីនៅក្នុងអំឡុងខែឧសភា និងខែមិថុនា ។ ប៉ុន្តែការរៀបចំដីសម្រាប់ធ្វើកសិកម្មពនេចរមានលក្ខណៈខុសគ្នាពី ការរៀបចំដីសម្រាប់ដាំស្រូវចម្ការនៅតាមទីទួល ឬនៅលើកោះ ។ ការរៀបចំដីសម្រាប់ធ្វើកសិកម្មពនេចរ គឺព្រៃឈើត្រូវបានគេកាប់ចេញ និងទុកឲ្យស្ងួតទើបធ្វើការដុតចោលនៅក្នុងរដូវប្រាំងគឺចាប់ពី ខែកុម្ភៈ រហូតដល់ខែមេសា ដើម្បីយកដីដាំស្រូវនៅក្នុងខែមិថុនា ដោយគ្មានការភ្ជួររាស់បំបែកដីនោះទេ គឺគ្រាន់តែប្រើឈើបុកទៅក្នុងដីធ្វើជារណ្តៅតូចៗ ដើម្បីដាំស្រូវតែប៉ុណ្ណោះ បន្ទាប់ពីព្រៃឈើតូចធំត្រូវបានដុតសម្អាតអស់ពីផ្ទៃដីកន្លែងដែល ត្រូវដាំ ។ ការរៀបចំដីតាមបែបនេះ ត្រូវបានគេអនុវត្តជាពិសេសនៅតាមតំបន់សម្បូរទៅដោយកូនភ្នំ និងតំបន់ដែលសម្បូរទៅដោយព្រៃគ្របបណ្តប់ ។៦.៥.២.២. បច្ចេកទេសដាំដុះ
ការដាំដុះស្រូវចម្ការ ត្រូវបានធ្វើឡើងដោយវិធីសាស្ត្រផ្សេងៗគ្នាតាមតំបន់នីមួយៗ ។ នៅតាមតំបន់ខ្លះបន្ទាប់ពីការភ្ជួររាស់ដីរួចហើយ គឺគេភ្ជួរដីឆូតធ្វើជាចង្អូរ ហើយរោយគ្រាប់ពូជតាមចង្អូរដែលភ្ជួរ រួចហើយប្រើជើងឈូសដីលប់ស្តើងៗពីលើគ្រាប់ពូជ វិធីសាស្ត្រនេះគេច្រើនធ្វើតែនៅលើដី តាមតំបន់ទីទួល ដីលើកោះ ឬតាមដីចម្ការជាអចិន្ត្រៃយ៍ ។ បន្ទាប់ពីស្រូវដុះមានអាយុប្រហែល ៣០-៤០ ថ្ងៃ គេចាប់ផ្តើមរាស់កាត់ជាពំនុះទទឹងជួរ ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយដង់ស៊ីតេចំនួនដើមស្រូវក្នុងជួរនីមួយៗ និងកាត់បន្ថយភាពស្មោក ។ នៅពេលណាដែលដង់ស៊ីតេដើម ស្រូវមានចំនួនច្រើនពេកនោះ វាមានភាពស្មោកខ្លាំង ហើយស្រូវក៏មិនសូវបានផលដែរ ។នៅតាមកន្លែងខ្លះទៀតការដាំស្រូវចម្ការ គឺបន្ទាប់ពីធ្វើការភ្ជួររាស់ និងកៀរដីបានរាបស្មើហើយនោះ គេធ្វើការបុកដីដាក់គ្រាប់ពូជដាំក្នុងរន្ធតែម្តងក្នុងជម្រៅ ៥-៨ ស.ម និងមានចន្លោះគុម្ពចាប់ពី ២០-៤០ ស.ម ។ ចន្លោះគុម្ពគឺអាស្រ័យទៅតាមប្រភេទដី ក្នុងករណីដីដែលទើបនឹងរានហើយថ្មីៗមានជីជាតិល្អ ចន្លោះគុម្ពត្រូវដាំមានការឃ្លាតគ្នាខ្លាំង ចំណែកឯដីចាស់ពុំសូវមានជីជាតិចន្លោះគុម្ពដាំជិតៗគ្នា ។ នៅលើដីថ្មីចន្លោះគុម្ព គេទុកឲ្យវាទូលាយសម្រាប់ដាំដំណាំចម្រុះផ្សេងៗទៀតជាមួយស្រូវ ។
ចំពោះការដាំដុះតាមបែបកសិកម្មពនេចរវិញ បន្ទាប់ពីព្រៃឈើតូចធំ ត្រូវបានដុតសម្អាតអស់ពីលើផ្ទៃដីហើយនោះ គឺគេចាប់ផ្តើមធ្វើការបុកដាំតែម្តង ដោយពុំចាំបាច់មានការភ្ជួររាស់កៀរពង្រាបដីនោះទេ ។ ការអនុវត្តន៍វិធីសាស្ត្រនេះ គេច្រើនតែជួបប្រទះឃើញនៅតាមតំបន់ព្រៃភ្នំ តាមចង្កេះភ្នំ ឬនៅតាមជើងភ្នំ ដែលគេច្រើនប្រទះឃើញនៅខេត្តរតនគីរី និងមណ្ឌលគិរី ជាដើម ។ ការដាំដុះស្រូវចម្ការនៅក្នុងខេត្តក្រចេះ ជាទូទៅត្រូវបានគេធ្វើការដាំដុះជាដំណាំឆ្លាស់ ជាមួយដំណាំប្រចាំឆ្នាំផ្សេងៗទៀត ។ កសិករខ្លះបានធ្វើការបែងចែកដីស្រែចម្ការសម្រាប់ដាំដុះជាពីរផ្នែក ផ្សេងគ្នាក្នុងមួយឆ្នាំៗ ។ នៅក្នុងឆ្នាំទីមួយ ក្នុងស្រែទីមួយ គាត់ដាំស្រូវចម្ការ ហើយស្រែទីពីរ គាត់ដាំដំណាំផ្សេងៗទៀតដូចជា សណ្តែកបាយ ពោត ល្ង និងប៉េងប៉ោះ ជាដើម ។ នៅឆ្នាំបន្ទាប់ស្រូវចម្ការ គាត់ផ្លាស់ទៅដាំនៅក្នុងស្រែទីពីរវិញ ហើយដំណាំផ្សេងៗ គាត់យកទៅដាំនៅស្រែទីមួយវិញម្តង ហៅថាដំណាំបង្វិល ។ នៅក្នុងខេត្តកំពង់ចាមតម្រូវការទីផ្សារសម្រាប់ដំណាំស្រូវ និងដំណាំផ្សេងៗទៀត តាមតំបន់ទំនាបអាស្រ័យ ដោយរបបទឹកភ្លៀង មានដូចជាពពួកដំណាំដំឡូង ពោត សណ្តែកបាយ សណ្តែកសៀង ល្ង ៘ គេត្រូវធ្វើការកំណត់នូវទីតាំងឲ្យបានច្បាស់លាស់សម្រាប់តំបន់ ដាំដុះស្រូវចម្ការ ។ ដូច្នេះគេតែងដាំស្រូវនៅកន្លែងជាក់លាក់ណាមួយ ជារៀងរាល់ឆ្នាំ បង្កើតបានជាតំបន់មួយសម្រាប់ដំណាំស្រូវឯកវប្បកម្ម ។
៦.៥.២.៣. ការថែទាំ
នៅក្នុងផលិតកម្មស្រូវចម្ការ បញ្ហាស្មៅចង្រៃជាកត្តាសំខាន់មួយ ដែលទាមទារឲ្យមានការរៀបចំដី ដើម្បីសម្អាតស្មៅឲ្យបានស្អាតល្អ តាមកនែ្លងត្រូវដាំស្រូវចម្ការ ។ ក្នុងមួយផលិតកម្ម ត្រូវទាមទារឲ្យមានការសម្អាតស្មៅចង្រៃឲ្យបានញឹកញាប់ចាប់ពី ២-៣ ដង ។ ពូជស្រូវដែលមានអាយុកាលវែង ទាមទារឲ្យមានការធ្វើស្មៅច្រើនដងជាងពូជស្រូវ ដែលមានអាយុកាលខ្លី ។៦.៥.២.៤. ការដាក់ជី
ជីជាតិដែលមានស្រាប់នៅក្នុងដី មិនគ្រប់គ្រាន់សម្រាប់ការស្រូបយកពីដំណាំស្រូវ ដែលធ្វើការដាំដុះលើដីដដែលៗជាច្រើនឆ្នាំនោះ ។ ដូច្នេះដើម្បីឲ្យស្រូវដុះលូតលាស់បានល្អ និងមានទិន្នផលខ្ពស់គួរ តែមានការដាក់ជីសរីរាង្គឬ ជីលាមកគោ បន្ថែមទៅក្នុងដីនៅកម្រិតពី ៣-៥ តោនក្នុងផ្ទៃដីហិកតា ។ ក្រៅពីជីសរីរាង្គ ជីគីមីក៏មានសារប្រយោជន៍យ៉ាងសំខាន់ទៅលើការដាំដុះស្រូវចម្ការ ប៉ុន្តែការប្រើប្រាស់ជីគីមី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ឬតាមការណែនាំក្នុងអនុសាសន៍ការប្រើប្រាស់ដីសម្រាប់ផលិតកម្មស្រូវ នៅក្នុងប្រទេសកម្ពុជា (White et al.1997) ។៦.៥.២.៥. ការប្រមូលផល
ស្រូវចម្ការ ត្រូវបានគេធ្វើការប្រមូលផលចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ គឺអាស្រ័យទៅនឹងអាយុកាលរបស់ពូជនីមួយៗ ព្រោះមានពូជស្រូវខ្លះមានលក្ខណៈវេទរសនឹងពន្លឺ និងពូជខ្លះទៀតមានលក្ខណៈអវេទរសនឹងពន្លឺ ។ ការប្រមូលផលនេះ គេធ្វើឡើងដោយកាត់ ឬបូតកួរយកតែគ្រាប់ និងនៅតំបន់ខ្លះ កសិករធ្វើការច្រូតកាត់ជិតដល់គល់ ចងជាកណ្តាប់ងាយស្រួលសម្រាប់ធ្វើការបោកបែន ។ វិធីសាស្ត្រទីមួយ គឺប្រមូលផលបូតដោយដៃទៅលើកួរស្រូវ បន្ទាប់មកដាក់គ្រាប់ទៅក្នុងកន្ត្រកដែលស្ពាយនៅពីក្រោយខ្នង (ពាក្យខ្មែរលើហៅថាកាផា) ឬយួរនៅក្នុងដៃម្ខាងរបស់អ្នកប្រមូលផល ។ ចំណែកវិធីសាស្ត្រទីពីរ គឺជាការច្រូតកាត់ដើមជិតដល់នឹងដី ឬផ្នែកខាងក្រោមកួរបន្តិច ។ នៅក្នុងខេត្តរតនគិរី គេប្រមូលផលស្រូវចម្ការច្រើនបូតកួរស្រូវដោយដៃ ។ ចំណែកនៅក្នុងខេត្តមណ្ឌលគិរី ការប្រមូលផលបូតដោយដៃ គឺជាញឹកញាប់គេច្រើនប្រើចំពោះប្រភេទស្រូវធ្ងន់ ឬ ស្រូវវេទរសនឹងពន្លឺខ្លាំង ។ ចំពោះពូជស្រូវស្រាល និងពូជដែលមានភាពស្វិតពិបាកបូត គេប្រមូលផលដោយកាត់ក្រោមកួរបន្តិច ដើម្បីងាយស្រួលចងផ្តុំ ប្រមូលជញ្ជូនទុកដាក់ ។ នៅក្នុងខេត្តក្រចេះ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ការប្រមូលផលគេធ្វើដោយការកាត់ដើមក្រោមកួរបន្តិច ។ ការបោកបែនកសិករច្រើនចូលចិត្តប្រើជើងបែនស្រូវ ជាងប្រើដៃបោកព្រោះបន្ទាប់ពីធ្វើការកាត់កួរកសិករ គាត់ចងប្រមូលផ្តុំគួរស្រូវជាដុំៗ វាមានលក្ខណៈងាយស្រួលសម្រាប់ការបែនដោយប្រើជើង ហើយមានការលំបាកសម្រាប់ការបោក ព្រោះពុំមានកន្លែងសម្រាប់កាន់បោក ។ចំពោះទិន្នផលស្រូវចម្ការនៅក្នុងប្រទេសកម្ពុជា មានកម្រិតទាបនៅឡើយ ជាទូទៅកសិករទទួលបានទិន្នផលជាមធ្យមប្រមាណជា ១,២ តោន ក្នុងមួយហិកតា ។ ចំពោះការដាំដុះតាមបែបកសិកម្មពនេចរវិញ នៅតាមកន្លែងខ្លះ ទិន្នផលអាចមានពី ១,៦-១,៨ តោន ក្នុងមួយហិកតា នៅក្នុងខេត្តរតនគីរី និងមណ្ឌលគិរី ។
៦.៥.៣. កត្តារាំងស្ទះ
មានកត្តាជាច្រើន ដែលបង្កភាពរាំងស្ទះដល់ប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវចម្ការ ក្នុងការធ្វើផលិតកម្មចាប់តាំងពីពេលចាប់ផ្តើម រហូតដល់ការប្រមូលផល ដែលធ្វើឲ្យមានការបាត់បង់ទិន្នផលយ៉ាងច្រើន ។ កត្តារាំងស្ទះទាំងអស់នោះរួមមាន ៖៦.៥.៣.១. ស្មៅចង្រៃ
បញ្ហាស្មៅចង្រៃនៅក្នុងវប្បកម្មស្រូវចម្ការ ជាកត្តាសំខាន់មួយ ដែលទាមទារឲ្យមានការរៀបចំដីឲ្យបានត្រឹមត្រូវ និងកម្ចាត់ស្មៅឲ្យបានស្អាតល្អនៅតាមទីកន្លែងដាំស្រូវចម្ការ ចាប់តាំងពីពេលដាក់គ្រាប់ដាំទៅក្នុងដី ។ ស្មៅចង្រៃមានប្រព័ន្ធឫសគ្រប់គ្រាន់ និងមានលទ្ធភាពដុះបានមុន និងដុះលឿនជាងស្រូវបន្ទាប់ពីដាក់គ្រាប់ស្រូវដាំទៅក្នុងដី ។ស្មៅជាឧបសគ្គចម្បងបំផុតសម្រាប់ស្រូវចម្ការ នៅពេលដែលស្រូវស្ថិតនៅក្នុងដំណាក់កាលសំណាប ព្រោះនៅក្នុងដំណាក់កាលនេះ ដំណាំស្រូវនៅតូចៗ ហើយដុះយឺតជាងស្មៅ ដូច្នេះមិនអាចប្រជែងស្រូបយកជីជាតិពីដីឈ្នះស្មៅចង្រៃបានឡើយ ។
ដូច្នេះត្រូវឲ្យមានការសម្អាតស្មៅឲ្យបានស្អាតពីចម្ការស្រូវ ពិសេសនៅក្នុងដំណាក់កាលសំណាប ដើម្បីទុកលទ្ធភាពឲ្យដំណាំស្រូវដុះលូតលាស់បានល្អ ។ ក្រៅពីនេះការបោចសម្អាតស្មៅ ត្រូវធ្វើជាបន្តបន្ទាប់មកទៀត ឲ្យបានពីរទៅបីដង អាស្រ័យទៅតាមអាយុកាលរបស់ស្រូវ និងក្នុងមួយវដ្តនៃផលិតកម្មដំណាំស្រូវចម្ការ ។
៦.៥.៣.២. សត្វល្អិត និងសត្វចង្រៃផ្សេងៗ
ជាទូទៅស្រូវចម្ការតែងទទួលរងការយាយីពីពពួកសត្វល្អិត និងសត្វចង្រៃជាច្រើនប្រភេទ ចាប់តាំងពីពេលដាក់គ្រាប់ពូជដាំទៅក្នុងដី រហូតដល់ពេលស្រូវទុំ ។ សត្វល្អិតចង្រៃដែលគេជួបប្រទះជាញឹកញាប់ គឺមានស្រមោច (កាយស៊ីគ្រាប់ដែលទើបនឹងដាំ) មមាច (ជញ្ជក់រុក្ខរសរបស់ដើម) ដង្កូវ (ស៊ីរូងដើម និងមូរស្លឹក) និងស្រឹងជញ្ជក់ទឹកដោះ ។សត្វចង្រៃផ្សេងទៀតមាន បក្សី ពពួកសត្វកកេរ ទន្សាយ និងជ្រូកព្រៃជាដើម ។ ចំពោះពួកបក្សីមាន សេក លលក និងចាបដែលបំផ្លាញគ្រាប់ស្រូវពេលដាំ និងពេលដាក់ទឹកដោះរហូតដល់ទុំ ។ ពពួកសត្វកកេរមានកណ្តុរកង្ហែនជាដើមដែលបំផ្លាញដំណាំស្រូវចាប់ពី ដាក់គ្រាប់រហូតដល់ទុំ ។ ជ្រូកព្រៃ និងទន្សាយ ជាទូទៅបំផ្លាញដំណាំស្រូវ បន្ទាប់ពីស្រូវដុះបានធំបង្គួរ ។
ពេលគ្រាប់ពូជដុះចេញផុតដី ស្ថិតនៅក្នុងដំណាក់កាលសំណាប និងវគ្គលូតលាស់បន្តបន្ទាប់ រហូតដល់ពេលស្រូវទុំ គេសង្កេតឃើញមានការបំផ្លាញដោយពពួកសត្វល្អិត ដូចជា មមាចខៀវ មមាចត្នោត ដែលបំផ្លាញដើមស្រូវដោយបឺតជញ្ជក់រុក្ខរសពីដើមស្រូវ ពពួកដង្កូវស៊ីរូងដើម ដង្កូវមូលស្លឹក ពពួកកណ្តូបបំផ្លាញនៅលើស្លឹកស្រូវ និងស្រឹងជញ្ជក់ទឹកដោះលើគ្រាប់ស្រូវ ។ ក្រៅពីសត្វល្អិតទាំងនេះ នៅមានសត្វចង្រៃផ្សេងៗទៀតមានដូចជា ជ្រូកព្រៃ ក្តាន់ និងពពួកសត្វពាហនៈដទៃទៀត ដែលពួកសត្វចង្រៃទាំងនេះ ធ្វើការបំផ្លាញលើដំណាំស្រូវចម្ការទាំងមូលតែម្តង និងគ្រប់ដំណាក់កាល ។ បើគ្មានវិធានការជាមុនដោយធ្វើរបងព័ទ្ធជុំវិញដើម្បីការពារចម្ការ ទេនោះ និងពេលដំណាំស្រូវទុំត្រូវទទួលរងការបំផ្លាញពីចាប ព្រាប និងកណ្តុរ ជាដើម ។
៦.៥.៣.៣. ជំងឺ
ក្សេត្របរិស្ថានដំណាំស្រូវចម្ការ ជាញឹកញាប់គេតែងជួបប្រទះនូវជំងឺ ដូចជា ជំងឺខ្នារអំបោះ (Blast) ដែលជាទូទៅតែងកើតមានលើស្លឹក ស្រូវពេលស្រូវស្ថិតនៅក្នុងដំណាក់កាលសំណាប និងកើតនៅលើកួរស្រូវ ។ ក្រៅពីជំងឺនេះ ស្រូវចម្ការតែងតែជួបនឹងជំងឺអុចត្នោតផងដែរ ។ជំងឺអុចត្នោត ជាជំងឺមួយមានសភាពធ្ងន់ធ្ងរ តែងកើតមានជាញឹកញាប់នៅលើដំណាំស្រូវចម្ការ ។ មូលហេតុដោយសារថា ស្រូវចម្ការជាដំណាំដាំនៅក្នុងស្រែគ្មានភ្លឺ នៅពេលពុំមានភ្លៀងគ្រប់គ្រាន់ បណ្ដាលឲ្យមានភាពរាំងស្ងួត ដែលជាកត្តាមួយធ្វើឲ្យកើតជំងឺអុចត្នោត ហើយប្រសិនបើការរាំងស្ងួតកាន់តែអូសបន្លាយពេលកាន់តែយូរ នោះជំងឺអុចត្នោតក៏កាន់តែធ្ងន់ធ្ងរឡើងដែរ ។
៦.៥.៣.៤. រាំងស្ងួត
កត្តារាំងស្ងួត គឺជាបញ្ហាមួយដ៏សំខាន់សម្រាប់តំបន់ដាំស្រូវចម្ការ ដែលពឹងផ្អែកលើរបបទឹកភ្លៀង ។ ទោះបីជាមិនចាំបាច់ឲ្យមានភ្លឺ សម្រាប់រក្សាទឹកជាប្រចាំក្នុងស្រែក៏ដោយ ក៏ស្រូវចម្ការត្រូវការភាពសើមនៅក្នុងដី ដែលបានមកពីទឹកភ្លៀង ដើម្បីដុះលូតលាស់ ។ ដូច្នេះការខកខានពុំមានភ្លៀង ឬ ភ្លៀងពុំទៀងទាត់បណ្តាលឲ្យមានភាពរាំងស្ងួត ជាកត្តាមួយនៃផលវិបាកប៉ះពាល់ទៅដល់ការធ្វើផលិតកម្មស្រូវចម្ការ ។ នៅគ្រប់ដំណាក់កាលទាំងអស់ ក្នុងវដ្តជីវិតរបស់ស្រូវចម្ការ បើជួបនឹងការរាំងស្ងួតបន្តបន្ទាប់ អាចបណ្តាលឲ្យស្រូវកើតជំងឺអុចត្នោត ហើយប្រសិនបើភាពរាំងស្ងួតកាន់តែអូសបន្លាយពេលយូរទៅៗ អាចបំផ្លាញដំណាំទាំងស្រុង ។ជារួមលក្ខណៈជីវសាស្ត្រដំណាំស្រូវចម្ការ មិនត្រូវការមានទឹកដក់ជាប្រចាំនៅក្នុងស្រែ ឬមានភ្លៀងជាប្រចាំនោះទេ តែដំណាំនេះត្រូវការសំណើមខ្ពស់នៅក្នុងដីដែលបានមកពីទឹកភ្លៀង ។ ភ្លៀងមិនចាំបាច់មានជាប្រចាំថ្ងៃគឺត្រូវការមានភ្លៀង និងមានចន្លោះពេលភ្លៀងសមស្របណាមួយ អាចធានាឲ្យដីមានសំណើម ដើម្បីដំណាំស្រូវចម្ការអាចស្រូបយកសំណើមពីក្នុងដី សម្រាប់ការដុះលូតលាស់ ។
៦.៥.៤. ពូជអនុសាសន៍
ភាគច្រើននៃពូជស្រូវចម្ការ ដែលកសិករដាំសម្រាប់ធ្វើផលិតកម្ម គឺជាពូជប្រពៃណី ។ ពូជទាំងនោះមានអាយុកាលប្រហាក់ប្រហែលគ្នានឹងប្រភេទស្រូវដែលកសិករ ធ្វើផលិតកម្មនៅតាមតំបន់ស្រែទំនាបពឹងផែ្អកលើទឹកភ្លៀងដែរ ។ ជាទូទៅ ពូជស្រូវប្រពៃណីទាំងនេះមានដងដើមវែង ស្លឹកវែង ហើយធ្លាក់ចុះព្រមទាំងមានដើមបែកតិច ។ លក្ខណៈកម្ពស់ដើម និងស្លឹក អាចធ្វើឲ្យពូជស្រូវប្រភេទនេះមានលទ្ធភាពក្នុងការប្រកួតប្រប្រជែង ជាមួយស្មៅបានល្អ ។ ស្លឹកវែងធ្លាក់ចុះង្កើតបានជាគម្របគ្របដី និងអាចរួមចំណែកដល់ការការពារសំណើមដីបានល្អដែរ ។ពូជស្រូវប្រពៃណីផ្តល់ចំបើងបានច្រើនដែលផ្តល់លទ្ធភាពដល់ការ ចិញ្ចឹមសត្វគោ ក្របី និងសត្វផ្សេងៗទៀត ។ ពូជដែលមានកម្ពស់ខ្ពស់ បានបង្កលក្ខណៈងាយស្រួលដល់ការប្រមូលផលដោយការបូតដោយដៃ ព្រោះថាកសិករមិនចាំបាច់ឱនដើម្បីបូតកួរស្រូវនោះទេ ។ ជាទូទៅពូជប្រពៃណី មានលក្ខណៈធន់ទ្រាំទៅនឹងភាពរាំងស្ងួត និងលទ្ធភាពក្នុងការរស់ឡើងវិញ បន្ទាប់ពីមានជួបនឹងគ្រោះរាំងស្ងួតមួយរយៈបានយ៉ាងល្អផងដែរ ។ លក្ខណៈជីវសាស្ត្រពូជប្រពៃណីស្រូវចម្ការ គឺមានលក្ខណៈល្អប្រសើរណាស់ ។ ប្រភេទពូជស្រូវផ្សេងៗគ្នា ត្រូវបានកសិករធ្វើការជ្រើសរើសយកមកដាំធ្វើផលិតកម្មនៅលើដីចម្ការ របស់គាត់តាមតំបន់ផ្សេងៗគ្នា នៅក្នុងទីតាំងភូមិសាស្ត្រតែមួយ ។ ជាឧទាហរណ៍ក្នុងតំបន់ដែលមានរយៈកម្ពស់ខ្ពស់ មានសីតុណ្ហភាពទាប កសិករបានជ្រើសរើសពូជស្រូវមានលក្ខណៈធន់ទ្រាំទៅនឹងភាពត្រជាក់ ដាំដុះជាផលិតកម្ម ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែពូជស្រូវប្រពៃណីមានលក្ខណៈជីវសាស្ត្រល្អ និងសមស្រមសម្រាប់ការដាំដុះ នៅក្នុងតំបន់តាមភូមិសាស្ត្រទាំងនោះមែន ប៉ុន្តែកត្តាសំខាន់នោះទិន្នផលរបស់ពូជស្រូវប្រពៃណីទាំងនៅមាន កម្រិតទាបនៅឡើយ ។
នៅក្នុងឆ្នាំ ១៩៩១ ពូជស្រូវចម្ការចំនួនពីរពូជ គឺពូជសីតា និងរាមកេរ្តិ៍ បានត្រូវរំដោះដោយគណៈកម្មាធិការអនុសាសន៍ពូជស្រូវ (តារាង ៦.២) ។ ពូជស្រូវចម្ការទាំងពីរជាពូជស្រូវស្រាលមានអាយុកាលចាប់ពី៩០ ដល់ ១០០ ថ្ងៃ ហើយពូជស្រូវទាំងពីនេះ មានទិន្នផលចាប់ពី ២,៥ តោន រហូតដល់ ៤ តោន ក្នុងមួយហិកតា ។ ដូច្នេះការរំដោះពូជស្រូវចម្ការទាំងពីរពូជនេះ បានផ្តល់ដល់កសិករនូវពូជស្រូវដែលមានទិន្នផលខ្ពស់ ពិសេសនៅពេលដែលគាត់កំពុងជួបប្រទះនូវការលំបាក ក្នុងការធ្វើផលិតកម្មដំណាំស្រូវចម្ការ ដោយពូជប្រពៃណីរបស់គាត់មានទិន្នផលទាប ។ តាមរយៈនេះដែលធ្វើឲ្យមានសុវត្ថិភាពស្បៀង ក៏ដូចជាបង្កើនសេដ្ឋកិច្ចគ្រួសាររបស់កសិករឲ្យបានរីកចម្រើន ធូរធារ ។