Test Footer 1

Sunday, March 27, 2016

វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » ដំណាំខាត់ណាដើម

·   0



វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំបន្លែ » ដំណាំខាត់ណាដើម

១ ដី
ដីជាកត្តាមួយចាំបាច់សំខាន់បំផុតសំរាប់ដុះលូតលាស់របស់ដំណាំគ្រប់ប្រភេទ។ ដីដែលសំបូរទៅដោយជាតិមមោកHight Organic Content ព្រមទាំងសារធាតុចិញ្ចឹមផ្សេងៗ(Other Minerals)។ ដំណាំប្រភេទBrassica ត្រូវគេចាត់បញ្ចូលទៅក្នុងក្រុមមិនធន់ទ្រាន់ទៅនិងដីអាស៊ីត(Nontolerant to Low pH of Soil) វាអាចដុះលូតលាស់ល្អប្រសើលើប្រភេទដីដែលល្បាប់មាត់ទន្លេមេគង្គ។ ដីក្រហមដីខ្មៅតែវាមិនអាចដុះលូតលាស់នៅលើដីប្រភេទដែលមានល្បាយដីឥដ្ឋខ្ពស់ព្រោះដីប្រភេទនេះជ្រាបទឹកមិនបានល្អទេ។ ចំពោះដីដែលដក់ទឹកយូរវិញកដំណាំប្រភេទនេះដុះលូតលាស់មិនបានល្អដែរ។ ចំណែកpHដែលសមស្របដែលដំណាំនេះអាចដុះលូតលាស់បានល្អគឺចាប់ពីចន្លោះ៦,៥ទៅ៧ ,៥ចំពោះសំណើមដីដែលល្អត្រូវមានចន្លោះចាប់ពី៧០% ទៅ៧៥% ជាប្រចាំ។ តំបន់ដែលសមស្របក្នងការដាំដុះស្ថិតនៅក្នុងរយៈកំពស់លើសពី៥០០ម៉ែត្រធៀបនិងនីវ៉ូទឹកសមុទ្រ

២សីតុណ្ហភាព
នៅក្នុងកត្តាសីតុណ្ហភាពនេះគេចែកជាបីផ្នែកគឺសីតុណ្ហភាពដំណុះគ្រាប់សីតុណ្ហភាពសំរាប់ដុះលូតលាស់និងសីតុណ្ហភាពបន្តពូជ។ សីតុណ្ហភាពសំរាប់ដំណុះគ្រាប់(Grow-up of Temperature) វាត្រូវការសីតុណ្ហភាពសមស្របជាក់លាក់មួយក្នុងដំណាក់កាលដុះពន្លកចន្លោះពី១៧ទៅ២០អង្សាសេ។ តែបើសីតុណ្ហភាពចុះទាបជាង១០អង្សាសេនិងឡើងខ្ពស់ជាង២៨អង្សាសេវានិងមានបញ្ហាយ៉ាងច្រើនគឺពេលខ្លះមិនអាចដុះពន្លកបាននិងករណីខ្លះទៀតដុះមកត្រូវរងការខូតខាតពិសេស គឺបណ្តាលអោយកើតជំងឺទន់ដើមក៌មាន។ សីតុណ្ហភាពសំរាប់ការដុះលូតលាស់នៅក្នងវគ្គលូតលាស់ដំណាំខាត់ណាដើមត្រូវការសីតុណ្ហភាពមួយយ៉ាងប្រសើររវាងពេលយប់និងពេលថ្ងៃចន្លោះពី១៨ទៅ២០អង្សាសេនិងពេលថ្ងៃចន្លោះពី២៥ទៅ៣៥អង្សាសេជាមធ្យមពី២០ទៅ២៥អង្សាសេដំណាំនេះអាចដុះលូតលាស់លឿនជៀសផុតពីការបំផ្លាញរបស់សត្វល្អិតទៀតផង។ សីតុណ្ហភាពសំរាប់បន្តពូជ គឺចន្លោះពី១៨ទៅ២២អង្សាសេ

៣ពន្លឺ
សីតុណ្ហាភាពនិងពន្លឺជាថាមពលមួយដែលមានតួនាទីយ៉ាងសកម្មក្នុងប្រតិកម្មអន្តរអំពើសម្រាប់បំលែងសារធាតុផ្សេងៗអោយទៅជាសារធាតុចិញ្ចឹមជាពិសេសដើម្បីបង្កើននូវជាតិបៃតងដែលគេអោយឈ្មោះថាក្លរ៉ូលភីលនិងផលិតការបូនអីដ្រាត។ នៅក្នងដំណើរការនៃបាតុភូតរស្មីសំយោគដែលប្រតិកម្មត្រូវការពន្លឺព្រះអាទិត្យហើយចាប់យកឧស្ម័នកាបូនិច(CO2) និងបញ្ចេញនូវឧស្ម័នអុកស៊ីសែន(O2)។ ផ្ទុយទៅវិញប្រតិម្មដំណកដង្ហើមគឺចាប់យកនូវឧស្ម័នអុកស៊ីសែន(O2)និងបញ្ចេញនូវឧស្ម័នកាបូនិច (CO2)

៤ ទឹកនិងសារធាតុចិញ្ចឹម
ក.តម្រូវការទឹកៈដំណាំប្រភេទនេះចាត់ចូលទៅក្នុងក្រុមដំណាំដែលត្រូវការទឹកជាប្រចាំព្រោះវាមានប្រព័ន្ធឬសរាក់កាលណាសំណើមដីប្រែប្រួលចុះទាបឬអាកាសធាតុក្ដៅនោះធ្វើអោយដីមានសភាពស្ងួតប្រះនាំអោយដាច់ឬសជញ្ជក់ដែលជាការរំខានដល់ការលូតលាស់របស់ដំណាំយ៉ាងខ្លាំង។ គេចែកចេញជា៣វគ្គធំៗគឺវគ្គដុះពន្លកសេចក្តីត្រូវការទឹកមានកំរិតពី៥ទៅ៥.៥មីលីម៉ែត្រក្នុងមួយថ្ងៃឯវគ្គលូតលាស់ដើមស្លឹកមានតម្រូវការទឹកចន្លោះពី៦ទៅ៧មីលីម៉ែត្រក្នុងមួយថ្ងៃ។ ហើយវគ្គបន្តពូជវាត្រូវការទឹកបរិមាណប្រហែលគ្នានិងវគ្គលូតលាស់ដើមស្លឹកដែរគឺក្នុងវគ្គចេញផ្កាដំបូងរហូតដល់ផ្ការីក១០០%។ ប៉ុន្តែចាប់ពីពេលដាក់គ្រាប់រហូតដល់ទុំវាត្រូវការទឹកតិចជាងក្នុងវគ្គចេញផ្កាដំបូងគឺចន្លោះពី៤ទៅ៤,៥មីលីម៉ែត្រតែប៉ុណ្ណោះ(១ម. ម=១លីត្រទឹកលើផ្ទៃដី១ម២)

ខ. តម្រូវការសារធាតុចិញ្ចឹមៈខាត់ណាដើមត្រូវការសារធាតុចិញ្ចឹមយ៉ាងច្រើនពីដីដូចជា៖ អាសួត (N) ផូស្វ័រ(P) ប៉ូតាស្យូម(K) ម៉ាញេស្យូម(Mg)កាស្យូម(Ca)ដែក (Fe)ស័ង្គសី(Zn) ស្ពាន់ធ័រ(S) ប្រូម(B)។តែនៅក្នុងនោះសារធាតុអាសួត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K) ត្រូវការបរិមាណច្រើនជាងសារធាតុផ្សេងៗទៀតក្នុងនោះផងដែរខាត់ណាត្រូវការសារធាតុអាសួត(N)ច្រើនជាងផូស្វ័រ(P) ប៉ូតាស្យូម(K)។ តម្រូវការសារធាតុទាំងនោះគឺអាស្រ័យទៅនិងវគ្គលួតលាស់របស់វាដែរដូចជា៖
-សារធាតុអាសូត(N) តម្រូវការចាប់ពីវគ្គលូតលាស់ដើមស្លឹករហូតដល់ពេលប្រមូលផលរយៈពេល១៤ថ្ងៃក្រោយសាបរហូតដល់៦០-៦៥ថ្ងៃ។ តាមការសិក្សារបស់លោកMusilឆ្នាំ១៩៤៨ បានអះអាងថា ដើម្បីទទួលបានម៉ាស់ស្រស់១តោនវាត្រូវការស្រូបយកធាតុអាសូត៤,១៨គីឡូក្រាមលើផ្ទៃដី១ហិតា។
-សារធាតុផូស្វ័រ(P)
តម្រូវការចាប់ពីពេលលូតលាស់ប្រព័ន្ធឬសគឺរយៈពេល៧ដល់៩ថ្ងៃក្រោយដាំប៉ុន្តែសេចក្តីត្រូវការមានកំរិតទាបជាងអាសួត(N)ហើយល្បឿងនៃការស្រូបយកមានសភាពយឺតជាងធាតុអាសួត(N) និងប៉ូតាស្យូម(K)។ដើម្បីទទួលបានម៉ាស់ស្រស់១តោន វាត្រូវការស្រូបយកធាតុផូស្វ័រ ១,១០គីឡូក្រាមលើផ្ទៃដី១ហិតា។
-សារធាតុប៉ូតាស្យូម(K) តម្រូវការនៅពេលដំណាំបង្កើតស្លឹកពិតហើយចាប់ផ្តើមធ្វើរស្មីសំយោគ ដើម្បីបំលែងសារធាតុនានាហើយធ្វើអោយរីកលូតលាស់បានលឿន។ តម្រូវការប៉ូតាស្យូមមានបរិមាណច្រើនជាងផូស្វ័រ(P) រហូតដល់វគ្គប្រមូលផល។

៥​ ការដាំដុះ
២.១ ការរើសរដូវដាំដុះ
ដំណាំខាត់ណាដើមអាចដុះលូតលាស់បាននិងដាំដុះបានគ្រប់រដូវពេញមួយឆ្នាំ។ ដោយគ្រាន់តែយកចិត្តទុកដាក់លើការគ្រប់គ្រងសត្វល្អិតនិងជំងីអោយបានម៉ត់ចត់។ សំរាប់រដូវរងាគឺជាកំឡុងពេលសមស្រមបំផុតនៃការដាំដុះព្រោះក្នុងរយៈពេលនេះគឺមានវត្តមានសត្វល្អិតបំផ្លាញតិចតួចនិងទទួលបានទិន្នផលខ្ពស់ទៀតផង។ នៅកំឡុងពេលរដូវភ្លៀងធ្លាក់កអាចដាំខាត់ណាបានផងដែរ។ ព្រោះទទួលបាននូវប្រាក់កំរៃខ្ពស់នៅលើទីផ្សារតែកអាចជួបនូវសត្វល្អិតបំផ្លាញនិងជំងឺយ៉ាងច្រើន។ ម៉្យាងវិញទៀតក៌មានការជួបប្រទះនូវជាតិអាស៊ីតពីភ្លៀងធ្លាក់មកលើកទី១

២.២ ការជ្រើសរើសពូជ
ដោយប្រទេសកម្ពុជាមានអាកាសធាតុមិនអំណោយផលដល់ ការបន្តពូជដំណាំខាត់ណានោះទើបពូជភាគច្រើនដែលយកមកដាំច្រើនជាពូជដែលទិញតាមទីផ្សារដែលនាំចូលពីប្រទេសជិតខាង។ ការទិញគ្រាប់ពូជនៅទីផ្សារនេះយើងគួរតែពិនិត្យអោយបានម៉ត់ចត់នូវប្រភេទពូជអាយុកាលនៃការដាំដុះនិងអត្រាដំណុះចាប់ពី៨០%ឡើងទៅ

២.៣ ការសាបកូន
ការសាបត្រូវបានធ្វើឡើងនៅលើថ្នាលដំណុះកូន។ ដំបូងយើងត្រាំគ្រាប់ពូជជាមួយទឹកក្តៅឧណ្ឌៗ ប្រហែល១០នាទីជាមុនសិនដើម្បីដាស់ដំណេកបន្ទាប់មកស្រង់វាយកគ្រាប់ពូជនោះទៅត្រាំជាមួយទឹក ជីវៀតសឹង្ហ៣០នាទីទើបស្រង់យកវាទៅផ្អាប់ជាមួយក្រណាត់សើមប្រហែល២៤ម៉ោងពេលដែលវាដុះចេញពន្លកទើបចាប់វាមកសាបលើថ្នាលដែលបានរៀបចំរួច។
ចំពោះដីសំរាប់សាបកូនយើងយកដីលាយជាមួយធ្យូងអង្កាមនិង លាមកគោច្របល់ចូលគ្នាអោយសព្វទើបយកគ្រាប់ដំណាំមកសាប។ ក្រោយពីសាបហើយធ្វើការស្រោចទឹក ២ដងក្នុង១ថ្ងៃពេលព្រឹក១ដងនិងពេលល្ងាច១ដងដោយដបបាញ់ទឹក។ ក្រោយពីដំណុះបានប្រហែល១៤ថ្ងែទើបយើងអាចយកវាទៅដាំលើរងបាន។

២.៤ ការស្ទូងកូន
ការស្ទូងកូនគឺធ្វើនៅពេលរសៀលវេលាម៉ោង៤ល្ងាចបន្ទាប់ពីការដាំកូនរួចធ្វើការស្រោចស្រព ដើម្បីធ្វើអោយដីមានសំណើមនិងបង្កលក្ខណៈងាយស្រួលដល់ការលូតលាស់នៃប្រព័ន្ធឬស។ ចំពោះរបៀបដាំគឺយើងដាំជាជួរដោយប្រើខ្សែបន្ទាត់ដែលយើងបានក្រឹតហើយក្នុងមួយកូនស្រែដាំបាន៤ជួរនិង ១០ដើមនិងមានចន្លោះជួរប្រវែង២០ស.មចន្លោះគុម្ពមានប្រវែង២០ស.មនឹងជំរៅស្មើរនឹងដីនៃកូនដំណាំ។

៥.៥ការរៀបចំដី
ការរៀបចំដីសំរាប់ដាំដុះដំណាំបន្លែជាទូទៅដីត្រូវស្ងួតល្អមិនសើមពេកមិនស្ងួតពេក។ ការភ្ជួរនិងរាស់បំបែកដីអោយល្អិតគឺធានាអោយមានខ្យល់ចេញចូលបានល្អ ពង្រាយជីជាតិអោយបានស្មើល្អរក្សាសំណើមអោយបានគ្រប់គ្រាន់ក្នុងដីកៀរដីអោយស្មើរដើម្បីអោយការលើករងនិងស្រោចស្រពប្រព្រឹត្តទៅបានល្អ។ ការភ្ជួរដីមិនបានជ្រៅនិងមិនបានកៀរអោយបានស្មើរវាអាចធ្វើអោយការលូតលាស់របស់ដំណាំមិនស្មើរគ្នាឡើយNon-Uniform។ ដីស្ងួតដែលអាចភ្ជួរបានគឺសរមុខលើសំណើមប្រមាណ៥៥ទៅ៦០% ប្រសិនបើដីនោះជាប្រភេទដីខ្សាច់ខ្លាំងឬដីឥដ្ឋខ្លាំងមុននិងភ្ជួរត្រូវបាចជីកំប៉ុស្តិ៏ចំនួន១៥ទៅ២០តោននិងកំបោរចំនួន២៥០ទៅ៣០០គីឡូក្រាមលើផ្ទដី១ហិតាទើបភ្ជួរលុបជាក្រោយព្រោះជីកំប៉ុស្តិ៍ធ្វើអោយដីឥដ្ឋមានបន្ទុកខ្យល់ចេញចូលបានស្រួលដីដែលដាំខាត់ណានេះត្រូវជីកឬភ្ជួរត្រលប់ជម្រៅប្រហែល១០ទៅ១៥សមហើយហាលដីពី៧ដល់១០ថ្ងៃរួចរាស់បំបែកអោយទៅជាដុំតូចៗ។ យកល្អគួរភ្ជួរអោយបាន២ដងរួចហាលទុកអោយបាន១សប្តាហ៍មុនធ្វើការដាំដុះ។

២.៦ ការថែទាំដំណាំ
ក.ការស្រោចស្រព ដោយប៉ោតធម្មតាគឺមួយអំរែកទឹក៣៨លីត្រស្រោចលើផ្ទៃដី១០ទៅ១៥ម២ មួយថ្ងៃស្រោច២ដងពោលគឺល្ងាចម្តងនិងព្រឹកម្តងរហូតដល់កូនខាត់ណាមានអាយុ១០ថ្ងៃទើបគេបញ្ចូលទឹក។ ម៉្យាងទៀតគេបាញ់ទឹកម៉ាស៊ីន១ដងក្នុងមួយថ្ងៃដូចជាSprinklerជាដើម។ ដំណាំប្រភេទនេះត្រូវការទឹកជាប្រចាំពីស្ទូងរហូតដល់ប្រមូលផលខុសប្លែកពីដំណាំBrocoli។
ខ.ការជ្រុំគល់
ចំពោះដំណាំប្រភេទនេះគេជ្រុំដីបានចំនួន២លើកគឺរយៈពេល១៥ថ្ងៃក្រោយពីសាប។ មុននឹងជ្រុំដីគេផ្អាកការស្រោចទឹកមុនពេលជ្រុំដីមួយថ្ងៃដើម្បីអោយដីស្ងួត ហើយក្រោយពីជ្រុំដីបានមួយថ្ងៃទើបស្រោចទឹកនិងដាក់ជីបំប៉ន។
ការជ្រោយដីលើកទី២គឺធ្វើឡើងនៅក្រោយពេលសាបរឺស្ទូងរយៈពេល៣០ថ្ងៃគឺកូនចបមុខតូចគេកាប់ជ្រុំរាក់ៗបំផុសមុខលើក្រោយមកគេហាលដីនោះរយៈពេលមួយថ្ងៃដើម្បីអោយដីស្ងួតព្រមទាំងប្រមូលយកស្មៅចេញក្រោយមកគេស្រោចទឹកអោយជោគខ្លាំង។ ក្នុងដំណាក់កាលគេជ្រុំហើយគេពូនដីទាំងនោះអោយជិតគល់ដើម្បីធានាអោយឬសដែលដុះចេញពីគល់ផ្នែកខាងលើមានលទ្ធភាពទទួលយកជីជាតិដែលធ្វើអោយដើមខាត់ណារីកធំ។
គ ការកំចាត់ស្មៅ
ដំណាំខាត់ណាដើមក៌មានស្មៅចង្រៃច្រើនប្រភេទដុះលូតលាស់ផងដែរ។ ដូច្នេះការកំចាត់ស្មៅគឺជាការចាំបាច់ណាស់ដើម្បីបង្កើនទិន្នផលដំណាំ។ ការកំចាត់ស្មៅចង្រៃនេះគឺធ្វើឡើងដោយដៃនិងប្រើថ្នាំសំលាប់ស្មៅ។ ចំពោះការប្រើថ្នាំសំលាប់ស្មៅគឺគេប្រើ៣ទៅ៤ថ្ងៃមុនពេលបាចគ្រាប់ពូជនិងក្រោយពេលប្រមូលផលរួចដោយប្រើថ្នាំ

៥.៧ការប្រើប្រាស់ជី
មុនពេលដាំគេទ្រាប់បាតជីកំប៉ុស្តិ៍រឺជីធម្មជាតិដូចជាជីផ្សំពីលាមកគោលាមកមាន់២០ទៅ២៥តោនក្នុងមួយហិតាដោយលាយជាមូយឈុតដំណាំ បាចទៅលើរងនីមួយៗហើយរាស់កប់ជីទាំងនោះទៅក្នុងដី។ ការស្រោចជីបំប៉នលើកទី១មេជី៣ដប មេថ្នាំកំចាត់សត្វល្អិត៣ដប និងមេអត័ម៉ូន ចំនួន៣ដប ក្នុងដីមួយហិតាដោយលាយជាមួយទឹកស្រោចក្រោយស្ទូងរយៈពេល៧ថ្ងៃរឺក្រោយពេលសាបរយៈពេល១៥ថ្ងៃ(ករណីដាំដោយគ្រាប់)។ ការដាក់ជីបំប៉នលើកទី២គឺ ដាក់តាមចន្លោះជួរនៃដើមខាត់ណាក្រោយពេលស្ទូង៣០ថ្ងៃគឺចំពេលជ្រុំជើងលើកទី២ដាក់ជីក្រោយពេលជ្រុំនិងប្រមូលស្មៅហើយក្រោយពីដាក់ត្រូវស្រោចទឹកអោយជោគ។
វិធីប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំខាត់ណាដើម
ក. វិធីប្រើជី PN សំរាប់ត្រាំគ្រាប់
  • មេជី ៥ម.ល
  • មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
  • មេអ័រម៉ូន ៥ម.ល
  • ទឹក ៥លីត្រ
លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។

ខ. វិធីប្រើជី PN លើកូនដំណាំយកស្លឹក
ប្រើលើកទី ១ បន្ទាប់ពីដុះបាន ៧-១០ថ្ងៃ
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០​លីត្រ
បន្ទាប់មកប្រើលើកទី ២ មួយសប្តាហ៍ក្រោយពីប្រើលើកទី ១ ។
គ. វីធីប្រើជី PN​​ លើដំណាំដាំហើយ ឬ ស្ទូងហើយ
        ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ​ ប្រើលើកទី ១
  • មេជី ២ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២​ដង ក្នុង ១សប្តាហ៍ ។

៥.៨ ការប្រមូលផល ការប្រមូលផលប្រព្រឹត្តទៅនៅពេលដែលដើមខាត់ណាលែងមានការលូតលាស់ដើមនិងទំហំស្លឹកគឺនៅពេលដែលខាត់ណាមានអាយុពី៤៥ថ្ងៃទៅ៥៥ថ្ងៃបន្ទាប់ពីដាំយើងអាចកាត់យកមកលក់នៅលើទីផ្សារឬសំរាប់បរិភោគបាន។ ការកាត់គឺយើងប្រើកូនកាំបិតជាឧបករណ៍ដោយកាត់ត្រឹគល់ដែលមានផ្នែកខ្ចីហើយកាត់ស្លឹកចាស់ៗចោលនៅពេលដែលកាត់រួចរាល់ហើយត្រូវរៀបចំចងវាជាដុំៗទុកដើម្បីងាយស្រួលក្នុងការដឹកជញ្ជួន។ ជាទូទៅទិន្នផលជាមធ្យម២០ទៅ២២តោនក្នុងមួយហិតា។ 
source from:http://www.cnadcambodia.org

Subscribe to this Blog via Email :